ត្រឹមរយៈពេល ១ថ្ងៃ ពលករខ្មែរជាង ១ម៉ឺននាក់ ចូលមកកម្ពុជា ដើម្បីជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
បន្ទាយមានជ័យ៖ ពលករខ្មែរបានសម្រុកចូលមកកម្ពុជា ១ថ្ងៃជិត ១ម៉ឺននាក់ បណ្តាលជាប់គាំងក្នុងទឹកដីថៃ ខណៈអាជ្ញាធរកម្ពុជាសម្របសម្រួលបាន ២កន្លែង សម្រាប់បំពេញបែបបទ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅស្រុកអារ័ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ។
អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានឱ្យដឹងថា ក្រោយទទួលព័ត៌មានប្រជាពលរដ្ឋខ្មែរជាពលករដែលសម្រុកចូលមកកម្ពុជាតាមច្រកខ្លងឡឹកឈម ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បណ្តាលជាប់គាំងរងចាំបំពេញបែបបទ (RE-ENTRYPERMI) ព្រោះសមត្ថកិច្ចភាគីថៃបំពេញមិនទាន់ ដោយសារពលករខ្មែរសម្រុកចូលមកកម្ពុជាច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដើម្បីមកជួបជុំគ្រួសារ។
លោកអភិបាលក្រុង បានបញ្ជាក់ថា នៅពេលពលករខ្មែរដែលជាប់គាំងក្នុងទឹកដីថៃច្រើនដូចនេះ អាជ្ញាធរក្រុងប៉ោយប៉ែត និងនគរបាលអន្តោប្រវេសន៍ច្រកទ្វារ សហការជាមួយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានជួបសម្របសម្រួលជាមួយអាជ្ញាធរ និងសមត្ថកិច្ចភាគីថៃ ដោយបន្ថែមកន្លែងបំពេញបែបបទនៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ នៅចំណុចស្រុកអារ័ញ្ញប្រថេត និងមានរថយន្ត ៤-៥គ្រឿង សម្រាប់ដឹកពលករខ្មែរទៅបំពេញបែបបទនៅស្ថានអគ្គកុងស៊ុលកម្ពុជានៅស្រុកអារ័ញ្ញ រួចហើយដឹកមកវិញច្រកខ្លងឡឹក ដើម្បីបំពេញបែបបទបានលឿនកុំអោយមានកកស្ទះ។
អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវលោក នេត សារី បានឱ្យដឹងថា ក្រោយមានការសម្របសម្រួលកន្លែងបំពេញបែបបទដល់ពលរដ្ឋដែលជាពលករខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុង១ថ្ងៃមិនតិចជាង ១ម៉ឺននាក់។
គួរឱ្យដឹងដែរថា រយៈពេល ៣ថ្ងៃមកហើយ ដែលពលករខ្មែរត្រឡប់ចូលមកកម្ពុជាតាមច្រកខ្លងឡឹកស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់ពេលនេះបានធូរស្រាលខ្លះហើយ ខណៈកន្លែងបំពេញបែបបទមាន ២កន្លែង រួមមាន ច្រកខ្លងឡឹកជាប់ព្រំដែន និងនៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ៕