ថៃ៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានសរសេរសារចូលរួមរំលែកទុក្ខដល់គ្រួសារនៃពលករខ្មែរចំនួន ៨នាក់ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅឃុំណងឆាងខក ឆ្ពោះទៅប៉ាតាយ៉ា ស្រុកមឿង ខេត្តឈុនបុរី ប្រទេសថៃ។
តាមប្រភពព័ត៌មានពីសារព័ត៌មានថៃ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង ដោយរថយន្តក្រុងមានអ្នកដំណើរសរុបចំនួន ១៥នាក់ (ភាគច្រើនជាពលករខ្មែរ) បានជិះទៅបុកពីក្រោយរថយន្តកុងតឺន័រយ៉ាងពេញទំហឹងដែលបណ្តាលពលករខ្មែរចំនួន ៨នាក់បានស្លាប់ ក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះចំនួនជិត ៥ខែម្នាក់ផងដែរ និងរបួសចំនួន ៧នាក់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយពីទទួលបានដំណឹងដ៏រន្ធត់នេះ ស្ថានទូតខ្មែរនៅប្រទេសថៃ មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ហើយសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបាន ចំពោះមរណភាពនេះ និងសូមចូលរួមរំលែកទុក្ខដ៏សោកសង្រេងបំផុតជាមួយ ក្រុមគ្រួសារ សាច់ញាតិនៃសព។
ស្ថានទូតខ្មែរនៅថៃបានសរសេរដូច្នេះថា៖ «សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធសពបានទៅកាន់ទីស្ងប់សុខ និងសូមឱ្យអ្នកកំពុងសម្រាក ព្យាបាលបានជាសះស្បើយឡើងវិញឆាប់បំផុត»៕