ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

តើ «របាំត្រុដិ» មានប្រវត្តិដូចម្តេច?

ភ្នំពេញ៖ របាំត្រុដិ គឺជារបាំមួយប្រភេទដែលគេតែងតែសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជារបាំប្រពៃណីមួយបែប ដែលគេធ្វើឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី។

ពាក្យ «ត្រុដិ» ជាពាក្យមានដើមមកពីភាសាសំស្រ្កឹតប្រែថា ផ្តាច់ ឬកាត់ផ្ដាច់ គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្ដាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី និងមានជាប់នាមព្រះរាជពិធីមួយ ហៅថា «ត្រស្តិសង្ក្រាន្ត»

យោងតាមសៀវភៅរបាំប្រជាប្រិយខ្មែរ តាមទំលាប់របស់អ្នកស្រុក ជួនកាលគេលេងរបាំនេះ នៅពេលប្រារព្ធពិធីសុំទឹកភ្លៀង ពេលដែលស្រុកទេសមានការរាំងភ្លៀងជាដើម។ មិនតែប៉ុណ្ណោះមានព័ត៌មានខ្លះបានបញ្ជាក់ថា របាំត្រុដិនេះ សេសសល់នៅជាមួយមនុស្សជាន់ដើមមួយពួក ដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់តាំងអំពីដែនដីនេះ ពុំទាន់ទទួលអារ្យធម៌ពីប្រទេសឥណ្ឌានៅឡើយ គឺត្រកូលមនុស្សមួយពួកនៅក្នុងប្រទេសយើងហៅថា “សំរែ” សព្វថ្ងៃច្រើនរស់នៅក្នុងភូមិភាគខាងជើងបឹងទន្លេសាប។ កាលពីជំនាន់បុរាណ វង់ត្រុដិរបស់ជនជាតិសំរែនេះ បាននាំគ្នាទៅលេងថ្វាយព្រះរាជា នៅរៀងរាល់ពេលបុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះពរសួរស្តីសិរីមង្គល។ នេះបើយោងតាមការបញ្ជាក់ក្នុងសៀវភៅរបាំប្រជាប្រិយខ្មែរ។

ក្នុងការសម្តែងរបាំត្រុដិនេះ គេប្រើប្រាស់ឧបករណ៍ ឬប្រដាប់ប្រដាដូចជា កញ្ឆារ ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម។ ចំពោះគ្រឿងតុបតែងវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។

តួសម្ដែងរបាំត្រុដិរួមមាន សម្តែងជាសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោង ព្រមទាំងអ្នកវាយស្គរដៃ អ្នកកាន់ចង្រ្កង់ និងកញ្ឆា អ្នកច្រៀងដឹករបាំ ដោយពាក្យពេចន៍ប្រើនៅក្នុងចម្រៀងមានភាពខុសគ្នាទៅតាមក្រុមសម្ដែង។

ពាក់ព័ន្ធនឹងរបាំត្រុដិនេះ មានដំណាលរឿងចំនួន២ ដោយថា មានត្រកូលអ្នកនេសាទម្នាក់ឈ្មោះប៊ុន ប្រពន្ធឈ្មោះនាងឧមា រស់នៅជិតស្រុកសាវត្តី ដែលជាមនុស្សកាចរប៉ឹងរឹងរូស។ ពួកគេជាមនុស្សកម្សត់ទាល់ក្រ តែងតែដើរបរបាញ់សត្វម្រឹគបក្សី នេសាទទាំងផ្លូវទឹកទាំងផ្លូវគោក យកមកចិញ្ចឹមជីវិត។ វេលាថ្ងៃមួយនោះ ប្តីបានរៀបប្រដាប់ប្រដា ធ្នូ ស្នា ព្រួញជ័រឆក់ កាំបិតស្នៀត និងវត្ថុអ្វីៗទៀត តាមទម្លាប់ព្រាន។ ភរិយា ម្ហូបចំណី បារី ស្លាប្រគល់ឱ្យប្ដី។

ព្រានចេញដំណើរ ត្រាច់ រង្គាត់ កាត់ព្រៃរំលងដងស្ទឹងឆ្ងាយទៅៗពុំមានប្រទះម្រឹគណាមួយសោះនាំព្រាននឹកថាប្រហែលជា អស់លោកទេព្តារក្សា លោកបំបិទបំបាំងបង្វែងដានមិនឱ្យឃើញហើយ។ ដូច្នេះព្រានកំចាត់ចែងធ្វើរានទេពតា ៣ថ្នាក់ តម្កល់នូវប្រដាប់ប្រដាពលីការ សុំលាភសុំជ័យឱ្យបានជួបម្រឹគ។

បន្ទាប់ពីបួងសួងរួចហើយ ព្រានធ្វើដំណើរតទៅមុខទៀត ស្រាប់តែប្រទះសត្វប្រើសមាសមួយភ្លឺឆ្អិនឆ្អៅ ដោយរោមរបស់វាសុទ្ធតែជាសរសៃមាស ស្នែងជាកែវភ្លឺច្រាលរន្ទាល។ ព្រានត្រេកអរឥតឧបមា ពួនលបបំបាំង អាត្មាបាញ់បានប្រើសនោះ ហើយម្នីម្នាយកកាំបិតទៅកាត់យកស្នែង បន្លះស្បែកទុកមួយដុំ។ អារសាច់ដោតចងប្រមូលរែក ដោយសេចក្តីត្រេកអរដើរវិលត្រឡប់មកផ្ទះវិញ។

មកដល់ហើយ ដោយឃើញថាប្រើសនេះល្អណាស់ ក៏នាំយកស្បែក និងស្នែងទៅថ្វាយស្ដេច។ ព្រះបាទព្រហ្មទត្ត ទ្រង់យល់ ទ្រង់ក៏សព្វព្រះរាជហឫទ័យ ទើបប្រទានយសដល់នាយព្រានជាចៅហ្វាយខេត្ត ។ ចាប់ពី ថ្ងៃនោះមក ព្រានប៊ុនឡើងយសជាចៅហ្វាយខេត្ត នាងឧមាជាជំទាវ ហើយក៏បង្កឱ្យមានក្រុមរបាំ មួយនិទានពីព្រានដើរបរបាញ់ម្រឹត ដូចមានការរៀបចំក្នុងវង់ត្រុដិសព្វថ្ងៃនេះ។

ដំណាលរឿងទី២ កាលសម័យដែលព្រះសម្មាសម្ពុទនៅជាពោធិសត្វ មុននឹងត្រាស់ដឹងព្រះអង្គទ្រង់ចេញសាងបព្វជ្ជា។ ពេលនោះ មារាធិរាជបានដំណែងក្លែងខ្លួនជាសត្វប្រើសមករារាំងស្ទាក់ផ្លូវព្រះអង្គកុំឱ្យព្រះអង្គយាង ទៅមុខបាន។

ព្រះពោធិសត្វទ្រង់តាំងអធិដ្ឋានឡើងក៏ក្តៅដល់ទេវលោកមួយរំពេចព្រះព្រហ្ម ព្រះ ឥន្ទ ទេវតាទាំងឡាយចុះមកដំណែងភេទជាដោះ លបបាញ់ប្រើសដែលជាមារាធិរាជក្លែងភេទនោះ ស្លាប់បាត់ទៅ។ រួចហើយពពួកទេវតាទាំងអស់នេះ ក៏នាំគ្នាដង្ហែព្រះអង្គឆ្លងស្ទឹងអនោមាទៅសាងព្រះផ្នួសសម្រេចបំណងទៅ ដោយមានភ្លេងមហោស្រពរង់តាមដងផ្លូវ។ ដូច្នេះ បានជាគេយករឿងនោះមកកសាងជារបាំត្រុដិឡើង គឺដងកញ្ញាជាឆ័ត្រ ឬជាភ្លស់ បើកបាំងព្រះពោធិសត្វ ពួកភ្លេងជាទពតា ឯនាងរាំជាទេពអប្សរហែហម ប្រើសទន្សោងជាមារ និងព្រានរួមទាំងមនុស្សព្រៃជាទេពតាកាឡា។

គួរឱ្យដឹងដែរថា នាពេលបច្ចុប្បន្នក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា ក្រុមហ៊ុននានា តែងតែរៀបចំឱ្យមានការសម្តែងរបាំត្រុដិ មុនពេល ឬរយៈពេលខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីបណ្តេញឧបទ្រពចង្រៃ និងស្វាគមន៍សិរីសួស្តីក្នុងឱកាសឆ្នាំថ្មី៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក