ភ្នំពេញ៖ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានថ្លែងថា សមាជិកគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញកើនឡើងដល់ជាង ៧០ម៉ឺននាក់ ដែលជាចំនួនច្រើនលើសលប់ក្នុងចំណោមអង្គបោះឆ្នោតជាង ៩០ម៉ឺននាក់។
ថ្លែងក្នុងពិធីប្រកាសបញ្ជូលសមាជិកថ្មីចំនួន ១ ៤០០នាក់ នៅស្នាក់ការកណ្ដាលបក្សប្រជាជនរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ លោក នួន ផារ័ត្ន បានថ្លែងថា បច្ចុប្បន្នសមាជិកបក្សប្រជាជនភ្នំពេញមានចំនួន ៧០៣ ៩១៩នាក់ ដែលក្រោយពីបន្ថែមនេះនឹងធ្វើឱ្យចំនួនសមាជិកឡើងដល់ជាង ៧០ម៉ឺន ៥ពាន់នាក់។
លោកបន្ថែមថា៖ «បងប្អូនអាចប្រមើលមើលឃើញថាគណបក្សណាដែលធំជាងគេ រឹងមាំជាងគេមានជ័យជម្នះ ហើយនឹងអាចដណ្ដើមនូវឱកាសដឹកនាំបម្រើប្រជាជននិងប្រទេសជាតិទៅមុខទៀតនោះគឺគណបក្សប្រជាជនកម្ពុជារបស់យើង។ អញ្ចឹងឱកាសដែលបងប្អូនចូលរួមជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាគឺជារឿងមួយដែលត្រឹមត្រូវបំផុត»។
គួរឱ្យដឹងផងដែរថាកម្ពុជានឹងរៀបចំការបើឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈមណ្ឌលរាជធានីភ្នំពេញជាមណ្ឌលដ៏ធំមួយដែលមានអាសនៈចំនួន១២៕