លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋប្រុងប្រយ័ត្ន និងការពារសុខភាពក្នុងអំឡុងអាកាសធាតុក្តៅខ្លាំង​

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ ខណៈអាកាសធាតុក្តៅខ្លាំងពេកធ្វើឲ្យប៉ះពាល់សុខភាពបណ្តាលឱ្យឈឺ និងអាចស្លាប់បាន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថាស្ថានភាពនៃការប្រែប្រួលអាកាសធាតុបណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង នៅក្នុងប្រទេសកម្ពុជា និងនៅបណ្តាប្រទេសជាច្រើននៅលើសកលលោក។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជន ដែលរស់នៅតាមតំបន់ដែលមានអាកាសធាតុក្តៅខ្លាំង ចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្តដោយប្រុងប្រយ័ត្ន ក្នុងការកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានដោយសារការទទួលរងនូវកំដៅក្ដៅខ្លាំងមានដូចជា បែកញើសខ្លាំងពេកខុសពីធម្មតា ការហត់នឿយដោយសារកំដៅក្ដៅខ្លាំង ឈឺរមួលសាច់ដុំ អស់កម្លាំងខ្លាំង ចង្អោរ និង/ឬក្អួត វិលមុខ និង/ឬឈឺក្បាល ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

លោកបានឱ្យដឹងថា ដើម្បីការពារសុខភាព និងចៀសផុតពីបញ្ហាសុខភាពដែលអាចកើតមានជាយថាហេតុបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងនេះ ដោយអនុវត្តនូវវិធីសាស្ត្ររួមមាន ត្រូវរក្សាជាតិទឹកនៅក្នុងរាង្គកាយឱ្យបានគ្រប់គ្រាន់ ដោយពិសាទឹកឱ្យបានច្រើន និងញឹកញាប់លើសពី ២លីត្រក្នុងមួយថ្ងៃ បើទោះបីជាអ្នកមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ។ ចៀសវាងភេសជ្ជៈ ដូចជាគ្រឿងស្រវឹង ឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។

ជាមួយគ្នានេះដែរ ត្រូវជ្រើសរើសសម្លៀកបំពាក់ជួយការពារកំដៅ ប្រើឡេលាបស្បែកការពារកំដៅថ្ងៃជាជំនួយ និង ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូចៗ នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយធ្វើឱ្យមានកំដៅឡើងបន្ថែម។ ប្រើកន្សែងសើមជូតមុខ ឬដាក់វានៅជុំវិញកប្រសិនបើមានអារម្មណ៍ថា ក្ដៅខ្លាំងពេក។

លោក ម៉ម ប៊ុនហេង បានណែនាំទៀតថា ពលរដ្ឋត្រូវងូតទឹកឱ្យបានញឹកញាប់ ប៉ុន្តែត្រូវចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រលប់មកពីសីតុណ្ហភាពក្ដៅ ដែលអាចបណ្ដាលឱ្យមានការថយចុះកំដៅហួស និងអាចមានគ្រោះថ្នាក់ ជាពិសេសចំពោះមនុស្សវ័យចាស់ ឬកុមារ។

លោកបានគូសបញ្ចាក់ថា ប្រសិនបើមានរោគសញ្ញាដូចជា វិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល រមួលសាច់ដុំ (រមួលក្រពើរ ជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកំដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ ត្រូវសម្រាកពី២-៥នាទី ហើយពិសាទឹកត្រជាក់យឺតៗ កុំបន្តសកម្មភាពពីព្រោះអាចមានហានិភ័យខ្ពស់។ ចៀសវាងដាច់ខាត នូវការចោមរោមជុំជិតអ្នកដែលមានបញ្ហាសុខភាព ត្រូវស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើអ្នកមិនមានអារម្មណ៍ធូរស្រាល។

យោងតាមឯកសាររបស់អង្គការសុខភាពពិភពលោក ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥ ០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុប នៅក្នុងឆ្នាំ២០២២កន្លងទៅ ខណៈមនុស្សប្រមាណជាង ៣៥៦ ០០០នាក់ បានស្លាប់ដោយសារកំដៅថ្ងៃក្តៅខ្លាំងពេក យោងតាមការចុះផ្សាយរបស់ឡង់សេត (The Lancet)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក