ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្ស៣ ដែលធ្លាប់កាន់ការជានាយខុទ្ទកាល័យគណបក្សហ្វ៊ុនស៊ីនប៉ិច គណបក្សរាស្ត្រនិយម និងគណបក្សសង្គ្រោះជាតិ លោក គង់ ហ៊ុនធារិទ្ធ បានទម្លាយពីភាពខ្សោយរបស់ក្រុមប្រឆាំងដែលនាំឱ្យគណបក្សទាំងនោះរំលំរលាយបាត់បង់ជំនឿចិត្តពីពលរដ្ឋនោះគឺដោយសារភាពលោភលន់ អសមត្ថភាព គ្មានយុត្តិធម៌ អត្មានិយមប្រជែងបែងជើងគ្នាក្នុងតែបក្សរបស់ខ្លួន។
ថ្លែងក្នុងពិធីមួយនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនរាជធានីភ្នំពេញ លោក គង់ ហ៊ុនធារិទ្ធ ដែលមានវ័យ ៦៥ឆ្នាំនេះបានថ្លែងថាលោកធ្លាប់ឆ្លងកាត់គណបក្ស ៣រួចហើយឃើញថាគណបក្សទាំងនោះគឺគ្មានសមត្ថភាពដូចគ្នា។ លោកបន្ថែមថាទាំងគណបក្សហ្វ៊ុនស៊ីនប៊ិច គណបក្សរាស្ត្រនិយម និងគណបក្សសង្គ្រោះជាតិគឺសុទ្ធតែជាបក្សដែលគ្មានសាមគ្គីផ្ទៃក្នុងមានជម្លោះជាច្រើន។
លោកថា៖ «កុំថាឡើយមានសមត្ថភាពដោះស្រាយបញ្ហាជាតិសូម្បីតែបញ្ហាផ្ទៃក្នុងរបស់បក្សក៏គ្មានសមត្ថភាពបង្រួបបង្រួមផ្សះផ្សាផ្ទៃក្នុងបក្សនោះឡើយ»។
លោកបានលើកពីឧទាហរណ៍នៃគណបក្សហ្វ៊ុនស៊ិនប៉ិចក្នុងឆ្នាំ១៩៩៧ ដោយសារតែមេបក្សអសមត្ថភាពដកមន្ត្រីស្មោះស្ម័គ្រនឹងបក្សដែលធ្វើឱ្យបក្សបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋបាត់បង់សំឡេងឆ្នោតមកនៅ ០កៅអីដូចសព្វថ្ងៃ។
លោកថា៖ «នៅឆ្នាំ១៩៩៧ អតីតមេបក្សហ្វ៊ុនស៊ីនប៉ិចអសមត្ថភាព គ្មានគុណធម៌ ដកមន្ត្រីស្មោះស្ម័គ្របក្សដកមន្ត្រីដែលគេលះបង់កម្លាំងកាយចិត្តទាំងធនធានត្រូវអតីតមេបក្សនោះដកក្រវាត់ចោលដោយគ្មានកំហុស មានជាអាទិ៍ដូចរូបខ្ញុំបាទ ជាពិសេសសម្ដេចក្រុមឃុន នរោត្តមសេរីវុឌ្ឍ ត្រូវមេបក្សនេះដកពីអគ្គលេខាធិការគណបក្សនិងពីឧបនាយករដ្ឋមន្ត្រីយ៉ាងអយុត្តិធម៌។ ទង្វើគ្មានសុភវិនិច្ឆ័យគ្មានសច្ចភាពនៃអតីតមេបក្សគ្មានសមត្ថភាពនេះធ្វើឱ្យហ្វ៊ិនស៊ិនប៉ិចបាត់ប្រជាប្រិយភាពបាត់បង់ការគាំទ្រទាំងស្រុងពីប្រជាពលរដ្ឋធ្លាក់ពី ៥៨កៅអីមក ០កៅអីនេះជាការពិត»។
លោកបន្ថែមថាមេដឹកនាំអតីតបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរលាយបាត់រូបក្នុងឆ្នាំ២០១៧ ក៏ដូចគ្នាដែល ព្រោះថ្នាក់មេដឹកនាំគណបក្សនេះចិញ្ចឹមចិត្តមិនចុះសម្រុងនិងគ្នាតាំងពីដើមរៀងមកដោយសារមហិច្ចតាអំណាច ខណៈលោក កឹម សុខា ចង់លេងផ្លូវកាត់ឃុបឃិតជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ថែមទៀត។
បន្ថែមថាបន្ទាប់ពីស្គាល់អស់ពីចរិតរបស់បក្សប្រឆាំងដែលលោកចំណាយពេលនយោបាយអស់ជាង ៣០ឆ្នាំមកនេះឃើញថាមានតែគណបក្សប្រជាជនមួយប៉ុណ្ណោះដែលរឹងមាំ មានសាមគ្គីភាព មានគោលនយោបាយច្បាស់លាស់សម្រាប់ប្រទេសកម្ពុជា ថែរក្សាសន្ដិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍។
លោកបន្តថា៖ «ចំណុចវិជ្ជមានទាំងនេះហើយដែលខ្ញុំបាទសម្រេចចិត្តចូលរួមជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីមានលទ្ធភាពបម្រើប្រជាជន និងប្រជារាស្ត្រខ្មែរសម្រាប់នាទីចុងក្រោយនៃជីវិតខ្ញុំបាទ»។
លោកយល់ថាទាំងថ្ងៃនេះ និងអនាគត គណបក្សប្រជាជននឹងនៅតែរឹងមាំ មានសាមគ្គី ដែលនាំឱ្យមានជ័យជម្នះជានិច្ចតទៅផងដែរ៕