ភ្នំពេញ៖ អតីតសមាជិកបក្សភ្លើងទៀនលោក ឆេង គឹមសេង បានក្លាយជាកៀគរសមាជិកឱ្យមកគាំទ្រគណបក្សប្រជាជន បន្ទាប់ពីបានចុះចូលជាមួយគណបក្សដ៏ធំមួយនេះ។
គណបក្សប្រជាជនរាជធានីភ្នំពេញបានប្រកាសបញ្ចូលសមាជិកថ្មី និងចុះចូលជាង៧០០នាក់នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ ដោយមានការរៀបចំពិធីស្វាគមន៍យ៉ាងរាក់ទាក់នៅស្នាក់ការកណ្ដាលគណបក្សរាជធានីភ្នំពេញតាមបណ្ដោយផ្លូវ២០០៤។
ថ្លែងក្នុងពិធីប្រកាសបញ្ជូលសមាជិកថ្មីនេះលោក ឆេង គឹមសេង បានថ្លែងថាអស់១០ឆ្នាំហើយដែលលោកចំណាយពេលវេលាខុសលើគណបក្សភ្លើងទៀន ខណៈនេះលោកបាននាំអតីតអ្នកគាំទ្របក្សនេះជាង៧០០នាក់មកចុះចូលជាមួយគណបក្សប្រជាជនដោយសារការមើលឃើញពីនយោបាយត្រឹមត្រូវ និងចក្ខុវិស័យរបស់គណបក្សដ៏ធំមួយនេះ។
លោកថា៖ «ដោយបានដើរទៅលើផ្លូវខុសកន្លងមកតាមការញុះញង់និងដោយមនោគមន៍វិជ្ជារបស់គណបក្សភ្លើងទៀនអស់ជាង១០ឆ្នាំ។ នៅថ្ងៃអាទិត្យទី៩ ខែមេសា ឆ្នាំ២០២៣ ខ្ញុំបាទរួមជាមួយនឹងសមាជិកសមាជិការចំនួន៧០០រូបបានសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាក្រោមម្លប់សម្ដេចអគ្គមហាសេនីបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា»។
នាសៀលនេះលោកក៏នឹងដឹកនាំមនុស្សជាង៧០០នាក់ផ្សេងទៀតឱ្យមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាថែមទៀតផងដែរ។
តំណាងសមាជិកចូលថ្មីកញ្ញា ឆេង ហ្គៀកសឹម បានថ្លែងថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានគោលនយោបាយត្រូវ និងមានគុណបំណាច់ចំពោះជាតិប្រជាជន។
កញ្ញាថា៖ «នាងខ្ញុំសុំគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយ និងលក្ខន្ដិកៈផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជាអាស្រ័យហេតុនេះហើយសូមឯកឧត្តមប្រធានមេត្តាពិនិត្យនិងអនុញ្ញាតឱ្យនាងខ្ញុំចំនួន៧០០រូបចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាដោយការរាប់អានអំពីនាងខ្ញុំ»។
នៅថ្ងៃនេះគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញក៏បានសម្រេចបង្កើតសាខាគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស នឹងបានតែងតាំងលោក ឆេង គឹមសេង ជាប្រធានសាខានេះផងដែរ។
សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញលោក នួន ផារ័ត្ន បានថ្លែងស្វាគមន៍ការចុះចូលរបស់សមាជិកថ្មីរបស់គណបក្សប្រជាជនដែលត្រូវបានប្រកាសបញ្ចូលនៅព្រឹកនេះផងដែរ។ លោកបានលើកឡើងបន្ថែមថាបច្ចុប្បន្នសមាជិកគណបក្សប្រជាជនរាជធានីភ្នំពេញមានចំនួនកើនឡើងដល់ជាង៧០ម៉ឺនដែលបង្ហាញពីកម្លាំងនិងភាព រឹងមាំនៃគណបក្សនេះ។
លោកថា៖ «បងប្អូនអាចប្រមើលមើលឃើញថាគណបក្សណាដែលធំជាងគេ រឹងមាំជាងគេមានជ័យជម្នះ ហើយនឹងអាចដណ្ដើមនូវឱកាសដឹកនាំបម្រើប្រជាជននិងប្រទេសជាតិទៅមុខទៀតនោះគឺគណបក្សប្រជាជនកម្ពុជារបស់យើង។ អញ្ចឹងឱកាសដែលបងប្អូនចូលរួមជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាគឺជារឿងមួយដែលត្រឹមត្រូវបំផុត»។
ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន គឺលោក ដួង ដារ៉ា បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅដល់សមាជិកថ្មីទាំងអស់ និងថាចាប់ពីពេលនេះទៅអ្នកទាំងអស់គ្នាក្លាយជាគ្រួសារតែមួយជាមួយគណបក្សប្រជាជនដែលស្រលាញ់គាំទ្រគ្នាជាមហាគ្រួសារខ្មែរទាំងមូល។
ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន លោក លី សាម៉េត បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោជូនចំពោះសមាជិកថ្មីដែលត្រូវបានដាក់បញ្ចូលទាំងអស់នៅថ្ងៃនេះ។ លោកបន្ថែមថាការដឹកនាំរបស់គណបក្សប្រជាជនគឺសន្ដិភាព និងការស្ថិតស្ថេរនយោបាយនៅក្នុងប្រទេស ហើយសង្ឃឹមថាសមាជិកដែលបញ្ចូលថ្មីនៅថ្ងៃនេះនឹងនៅតែបន្តគាំទ្រគណបក្សប្រជាជនទៅមុខទៀតដើម្បីការអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាកាន់តែរីកចម្រើន។
គួរឱ្យដឹងផងដែរថាបច្ចុប្បន្នសមាជិកគណបក្សប្រជាជនក្នុងរាជធានីភ្នំពេញកើនឡើងដល់ជាង៧០ម៉ឺននាក់ ដែលជាចំនួនច្រើនលើសលប់នៃអង្គបោះឆ្នោតសរុបក្នុងរាជធានីភ្នំពេញដែលមានប្រមាណ៩០ម៉ឺននាក់៕