អាមេរិក៖ ជនជាប់ចោទជាបុរសចំនួន ៣នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធទៅនឹងករណីនៃបទឃាតកម្ម អំឡុងពេលប្លន់ទៅលើតារារ៉េបអាមេរិក XXXTentacion។ គួររំឮកថា តារារ៉េបខាងលើនេះត្រូវបានក្រុមចោរបាញ់សម្លាប់ នៅក្រៅហាងម៉ូតូមួយកន្លែងស្ថិតនៅរដ្ឋ Florida កាលពីឆ្នាំ២០១៨ គ្រាដែលក្រុមចោរបានព្យាយាមប្លន់យកលុយសុទ្ធចំនួន ៥០,០០០ដុល្លារអាមេរិក។
គួរឱ្យដឹងថា ជនជាប់ចោទទាំងបីនាក់រួមមានឈ្មោះ Michael Boatwright អាយុ ២៨ឆ្នាំ Dedrick Williams អាយុ ២៦ឆ្នាំ និង Trayvon Newsome អាយុ ២៦ឆ្នាំត្រូវបានតុលាការរកឃើញថាមានពិរុទ្ធពីបទឃាតកម្មកម្រិតទី១ និងពីបទប្លន់ប្រដាប់អាវុធ។ ករណីនេះបើតាមផ្លូវច្បាប់ ពួកគេទាំងបីនាក់នឹងគ្មានឱកាសសម្រាប់ការលើកលែងទោស ឬមានការដោះលែងមុនពេលកំណត់ទេ។
លោក Michael Usan ជាចៅក្រមនៃតំបន់ Broward បានប្រាប់ទៅកាន់ក្រុមជនល្មើសថា ពួកអ្នកឯងនឹងត្រូវចំណាយពេលគ្រប់វិនាទី រាល់ថ្ងៃ រាល់សប្តាហ៍ និងរាល់ឆ្នាំនៃជីវិតរបស់អ្នកឯងនៅក្នុងទ្រុង ហើយនឹងមានថ្ងៃណាមួយ ឆ្មាំគុកនឹងមកបើកបន្ទប់នោះនៅពេលព្រឹកប្រទះឃើញពួកអ្នកឯងស្លាប់ គឺនៅថ្ងៃនោះហើយដែលពួកអ្នកឯងបានអនុវត្តទោសរួចរាល់។
គួរបញ្ជាក់ថា XXXTentacion ដែលមានឈ្មោះពិត Jahseh Onfroy បានស្លាប់ក្នុងវ័យ ២០ឆ្នាំ។ នៅថ្ងៃកើតហេតុគេបានប្រទះឃើញ XXXTentacion ដើរចេញពីហាងម៉ូតូមួយជាមួយមិត្តភក្តិម្នាក់ ក៏ត្រូវបានក្រុមជនល្មើសបើកឡានប្រភេទ SUV មួយគ្រឿងមកស្ទាក់ និងបានបាញ់ប្រហារផ្ទួនៗទៅលើជនរងគ្រោះ និងបានឆក់យកកាបូបម៉ាក Louis Vuitton ដែលក្នុងនោះមានលុយដែលជនរងគ្រោះទើបដកយកចេញពីធនាគារ ហើយបានបើកឡានរបស់ពួកគេចេញទៅ។ ភ្លាមៗនោះ XXXTentacion ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ និងក្រោយមកត្រូវបានមន្ទីរពេទ្យប្រកាសថា គេបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨៕