អង់គ្លេស៖ ក្រុមជម្រើសជាតិនារីអង់គ្លេស បានយកឈ្នះក្រុមជម្រើសជាតិនារីប្រេស៊ីលដោយបាល់១១ម៉ែត្រកាត់សេចក្ដី ក្នុងការប្រកួតដណ្តើមជើងឯកពានរង្វាន់ Women's Finalissima ដែលជាពានរង្វាន់អន្តរជាតិលើកទីពីរជាប់គ្នាដែលក្រុមជម្រើសជាតិនារីអង់គ្លេសធ្វើបាន ក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់ណែនតាន់តាប់ពេញពហុកីឡដ្ឋានជាតិ Wembley របស់អង់គ្លេស។ ក្រោយពីលទ្ធផលស្មើគ្នា ១-១ អង់គ្លេសដណ្តើមបានជើងឯក Women's Finalissima ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-២ និងបន្តកំណត់ត្រាមិនទាន់ចាញ់ ៣០ប្រកួតជាប់គ្នា។
ការប្រកួតដែលធ្វើឡើងនៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលមានអ្នកគាំទ្រផ្ទាល់នៅកីឡដ្ឋានចំនួន ៨៣,១៣២នាក់ ខណៈសំបុត្រត្រូវបានលក់ដាច់អស់តាំងពីខែតុលាមកម្ល៉េះ ដែលនេះគឺជាការប្រកួតរវាងជើងឯកនារីនៃទ្វីបអឺរ៉ុប និងអាមេរិកខាងត្បូងប៉ះគ្នា និងជាផ្នែកមួយដ៏សំខាន់នៃការត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួត World Cup ស្រ្តីដែលនឹងចូលមកដល់នាខែកក្កដា និងខែសីហា ឆ្នាំ២០២៣នេះ។
ជ័យជម្នះនេះត្រូវបានកីឡាករ និងអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិអង់គ្លេសនិយាយថា វាហាក់បីដូចជាការវិលត្រឡប់ទៅកាន់ទិដ្ឋភាពដ៏រំភើបមួយ នៅគ្រាដែលក្រុមជម្រើសជាតិនារីអង់គ្លេស បានយកឈ្នះក្រុមជម្រើសជាតិនារីអាល្លឺម៉ង់ នាវគ្គផ្តាច់ព្រ័ត្រ 2022 European Championship នៅមុខក្រសែភ្នែកទស្សនិកជនចំនួន ៨៧,១៩២នាក់ ដែលជាកំណត់ត្រាសម្រាប់ការប្រកួតបាល់ទាត់នារីនៅក្នុងទ្វីបអឺរ៉ុប។
បន្តទៅទៀត ក្រុមជម្រើសជាតិនារីអង់គ្លេស នឹងធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិនារីអូស្រ្តាលី នាថ្ងៃអង្គារខាងមុខនេះ នាកីឡដ្ឋាន Gtech ក្នុងទីក្រុង Brentford ខណៈក្រុមជម្រើសជាតិនារីប្រេស៊ីល នឹងបន្តប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ នាកីឡដ្ឋាន Franken Stadyumu ទីក្រុង Nuremberg៕