អ៉ីស្រាអែល៖ យន្តហោះរបស់អ៉ីស្រាអែលបានធ្វើការវាយប្រហារទីតាំងនានានៅទូទាំងតំបន់ហ្គាហ្សានៅថ្ងៃសុក្រ ទី០៧ ខែមេសានេះ ជាការសងសឹកឆ្លើយតបចំពោះការបាញ់គ្រាប់រ៉ុក្កែតពីប្រទេសលីបង់ ខណៈដែលភាពតានតឹងនៅតែបន្តកើតមានឡើងបន្ទាប់ពីការវាយឆ្មក់របស់ប៉ូលិសទៅលើវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងហ្សេរុយសាឡឹមក្នុងសប្តាហ៍នេះ ស្របពេលស្ថានភាពត្រូវបានគេព្យាករណ៍ថាទំនងជាមិនអាចគ្រប់គ្រងបាន។
ការបំផ្ទុះរញ្ជួយដីបានអង្រួនតំបន់ផ្សេងៗគ្នានៃតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែលបាននិយាយថា យន្តហោះរបស់ខ្លួនបានវាយប្រហារគោលដៅនានា រួមទាំងផ្លូវរូងក្រោមដី និងកន្លែងផលិតអាវុធរបស់ក្រុមហាម៉ាស ដែលជាក្រុមអ៊ីស្លាមនិយមដែលគ្រប់គ្រងលើតំបន់ឆ្នេរភាគខាងត្បូង។
ការវាយប្រហារនេះបានកើតឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីប្រទេសលីបង់ឆ្ពោះទៅកាន់តំបន់ភាគខាងជើងប្រទេសអ៉ីស្រាអែល ដែលរដ្ឋាភិបាលប្រទេសអ៉ីស្រាអែលបានដាក់ការស្ដីបន្ទោសទៅក្រុមឥស្លាមជ្រុលនិយមហាម៉ាស។ យោធាបាននិយាយថា គ្រាប់រ៉ុក្កែតចំនួន ៣៤គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ដែលក្នុងនោះ ២៥ គ្រាប់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស នៅក្នុងការវាយប្រហារដ៏ធំបំផុតចាប់តាំងពីឆ្នាំ ២០០៦ នៅពេលដែលអ៊ីស្រាអែលបានធ្វើសង្គ្រាមជាមួយចលនាហេសបូឡាដែលមានប្រដាប់អាវុធខ្លាំង។ នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខថា "ការឆ្លើយតបរបស់អ៊ីស្រាអែល នៅយប់នេះ និងនៅពេលក្រោយៗនឹងកំណត់តម្លៃដ៏សំខាន់ដែលត្រូវឆ្លើយតបទៅកាន់សត្រូវរបស់យើង" ។
ស្របពេលដែលយន្តហោះរបស់អ៉ីស្រាអែលកំពុងវាយប្រហារនៅតំបន់ហ្គាហ្សា គ្រាប់រ៉ុក្កែតត្រូវបានបាញ់មកជាការឆ្លើយតបវិញ ហើយសំឡេងស៊ីរ៉ែនបានបន្លឺឡើងនៅក្នុងទីប្រជុំជនអ៉ីស្រាអែល និងទីក្រុងរបស់អ៉ីស្រាអែលនៅតំបន់ជាប់ព្រំដែន។ ការវាយប្រហារឆ្លងព្រំដែនបានកើតឡើងចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងលើការវាយឆ្មក់របស់ប៉ូលិសអ៊ីស្រាអែលនៅឯបរិវេណវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងហ្សេរុយសាឡឹម ក្នុងអំឡុងខែដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាដាន ដែលឆ្នាំនេះបានធ្វើឡើងស្របពេលគ្នានឹងពិធីបុណ្យដ៏សំខាន់មួយនៃសាសនាយូដា។
នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរាល់ប្រតិបត្តិការយោធាចេញពីទឹកដីរបស់ខ្លួន ដែលគំរាមកំហែងដល់ស្ថិរភាពសម្រាប់ប្រទេសរបស់លោក។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ មុនពេលគ្រាប់រ៉ុក្កែតត្រូវបានបាញ់ មន្ត្រីជាន់ខ្ពស់ Hezbollah លោក Hashem Safieddine បាននិយាយថា ការរំលោភបំពានណាមួយលើក្រុម Al-Aqsa នឹងអាចនាំឱ្យមានការដុតកម្ទេចតំបន់នេះទាំងមូល៕