សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ក្រសួងអប់រំណែនាំគ្រឹះស្ថានបឋមសិក្សាឯកជនឱ្យបញ្ជ្រាបវប្បធម៌ និងអរិយធម៌ខ្មែរក្នុងម៉ោងសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំគ្រឹះស្ថានបឋមសិក្សាឯកជន ពង្រឹងការអនុវត្តកម្មវិធីសិក្សាភាសាខ្មែរ ដើម្បីបណ្តុះទម្លាប់សិស្សឱ្យចេះនិយាយភាសាខ្មែរសម្រាប់ទំនាក់ទំនងក្នុងក្រុមគ្រួសារ និងសង្គម។ ជាមួយគ្នានេះ ក្រសួងណែនាំឱ្យគ្រឹះស្ថានសិក្សាបញ្ជ្រាបវប្បធម៌ និងអរិយធម៌ខ្មែរក្នុងម៉ោងសិក្សា ដើម្បីថែរក្សាអត្តសញ្ញាណជាតិ និងលើកកម្ពស់តម្លៃវប្បធម៌ និងអរិយធម៌ខ្មែរ។

ក្រសួងអប់រំ បានកំណត់មុខវិជ្ជាភាសាខ្មែរជាមុខវិជ្ជាកាតព្វកិច្ចសម្រាប់សិស្សានុសិស្សដែលមានសញ្ជាតិខ្មែរ។ ក្រសួងមានគោលបំណងឱ្យគ្រឹះស្ថានបឋមសិក្សាឯកជនពង្រឹងការអនុវត្តកម្មវិធីសិក្សាភាសាខ្មែរ ដើម្បីឱ្យសិស្សអាចអាន សរសេរ ស្តាប់ និងប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ ជាពិសេសបណ្តុះទម្លាប់ឱ្យសិស្សប្រើប្រាស់ភាសាខ្មែរសម្រាប់ទំនាក់ទំនងក្នុងគ្រួសារ និងសង្គម។

បន្ថែមពីការអនុវត្តកម្មវិធីសិក្សាភាសាខ្មែរឱ្យបានទូលំទូលាយហើយ ក្រសួងអប់រំ ក៏ចង់ឱ្យគ្រឹះស្ថានបឋមសិក្សាឯកជនទាំងអស់បញ្ជ្រាបការអប់រំវប្បធម៌ និងអរិយធម៌ខ្មែរ ដោយជំរុញឱ្យលោកគ្រូអ្នកគ្រូ ត្រូវសិក្សាស្រាវជ្រាវបន្ថែមទៀត និងយកខ្លឹមសារសំខាន់ៗពីសៀវភៅវប្បធម៌ អរិយធម៌ និងសៀវភៅចំណេះដឹងទូទៅ ដែលទាក់ទងនឹងទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ ដើម្បីយកមកអប់រំដល់សិស្ស។ មួយគ្នានេះ ក្រសួងអប់រំណែនាំគ្រឹះស្ថានបឋមសិក្សាឯកជន ត្រូវរៀបចំកម្មវិធីវប្បធម៌ អរិយធម៌ខ្មែរ ឱ្យបានផុលផុសជាងវប្បធម៌បរទេស។

ក្រៅពីលោកគ្រូអ្នកគ្រូ ក្រសួងអប់រំបានណែនាំឱ្យមាតាបិតានិយាយភាសាខ្មែរទៅកូនឱ្យបានច្រើន ណែនាំកូនឱ្យចូលរួមព្រឹត្តិការណ៍វប្បធម៌ប្រពៃណី ហើយរំលឹក និងពន្យល់កូនអំពីអត្ថន័យនៃបុណ្យប្រពៃណីជាតិខ្មែរនានា ជាពិសេសឆ្លៀតពេលអានរឿងនិទានឱ្យកូនតូចៗស្តាប់ ពន្យល់ពីតួអង្គក្នុងរឿងឱ្យកូនយល់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក