ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានរៀបចំពិធីសូត្រមន្តដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំថោះ តាមប្រពៃណីកម្ពុជា ខណៈពិធីចូលឆ្នាំប្រពៃណីខ្មែរដែលកាន់តែខិតជិតមកដល់។
ស្ថានទូតអូស្រ្តាលីបានឱ្យដឹងថា វប្បធម៌ និងប្រពៃណីគឺជាអត្តសញ្ញាណ និង មានលក្ខណៈពិសេសនៃប្រទេសនីមួយៗ។ ទូតអូស្ត្រាលីបញ្ចាក់ថា «ក្នុងនាមជាមិត្តនិងជាដៃគូដ៏យូរអង្វែង អូស្ត្រាលីឲ្យតម្លៃ និងគោរពប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា»។
គួរឱ្យដឹងដែរថា កម្ពុជា-អូស្រ្តាលី បានសម្រេចសមិទ្ធិផលនានាកើតចេញពីចំណងមិត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបានផ្តល់ផ្លែផ្កាគួរជាទីពេញចិត្តទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ កិច្ចសហប្រតិបត្តិការតាមវិស័យរវាងរដ្ឋ-រដ្ឋ និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។
ស្របពេលថ្មីៗនេះ អគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា លោក Justin Kevin Whyatt ដែលទើបចូលកាន់តំណែងថ្មី ក៏បានលើកឡើងថា លោកនឹងបន្តពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ឲ្យកាន់តែរឹងមាំ និងជ្រាលជ្រៅថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា៕