ភ្នំពេញ៖ និស្សិតកម្ពុជា ៣ក្រុមទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតប្រជែងបច្ចេកវិទ្យាតាមដានទន្លេ ដោយទទួលបានទឹកប្រាក់ ៥ពាន់ដុល្លារអាមេរិកក្នុងមួយក្រុម។
និស្សិតទាំង ៣ក្រុមនេះមកពីបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
ក្នុងសេចក្ដីប្រកាសលទ្ធផលចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ MRC បានឱ្យដឹងថាកម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាតាមដានទន្លេត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការទន្លេមេគង្គ ដើម្បីស្វែងរកបច្ចេកវិទ្យាទំនើបៗ ជួយគាំពារដល់ទន្លេនិងជំរុញការបង្កើតបច្ចេកវិទ្យាថ្មីនៅក្នុងតំបន់។ កម្មវិធីនេះមាននិស្សិតមកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ចំនួន ១៥ក្រុម បានចូលរួមប្រកួតប្រជែង។
និស្សិតកម្ពុជាទទួលបានលទ្ធផលលេខ១ លើការបង្កើតឧបករណ៍វាស់ស្ទង់ និងតាមដានកម្រិតទឹក ការបង្កើតឧបករណ៍វាស់ស្ទង់គុណភាពទឹក និងការបង្កើតឧបករណ៍ផ្នែកស្ទង់ភ្លៀងធ្លាក់៕