ម៉ិកស៊ិកកូ៖ ប្រធានាធិបតីម៉ិកស៊ិកកូ លោក Andres Manuel Lopez Obrador បានលើកឡើងថា លោកមិនយល់ស្របនឹងការចោទប្រកាន់បទព្រហ្មទណ្ឌនានា ដោយសហរដ្ឋអាមេរិកប្រឆាំងនឹងអតីតប្រធានាធិបតី ដូណាល់ត្រាំ នោះទេ ដោយយល់ថាការចោទប្រកាន់នេះស្ថិតពាក់ព័ន្ធនឹងហេតុផលនយោបាយច្រើនជាង។
លោក ឡូបអូប្រាដូ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា៖ «បញ្ហាផ្លូវច្បាប់ណាមួយ មិនគួរយកមកប្រើប្រាស់ដើម្បីជាឈ្នាន់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការបោះឆ្នោតឡើយ។ វាគឺជាមូលហេតុដែលខ្ញុំមិនយល់ស្របនឹងការចោទប្រកាន់ផ្សេងៗចំពោះអតីតប្រធានាធិបតីលោកត្រាំ»។
លោកត្រាំ ត្រូវបានចោទប្រកាន់លើបទល្មើសចំនួន៣៤ ជុំវិញការចោទប្រកាន់ថា បានបង់ប្រាក់ចំនួន ១៣ម៉ឺនដុល្លារដល់ លោកស្រី Stormy Daniels ដើម្បីបញ្ឈប់នាងពីការផ្សព្វផ្សាយជាសាធារណៈអំពីទំនាក់ទំនងផ្លូវភេទជាមួយគាត់។
ចេញពីសវនាការអតីតប្រធានាធិបតីទី៤៥ ដែលនៅរក្សាប្រជាប្រិយរបស់ខ្លួនរូបនេះបានថ្លែងក្នុងសន្ទរកថាមួយថារដ្ឋអាជ្ញាអាមេរិកថាបានប្រើយុទ្ធសាស្ត្រចេញពីអតីតសហភាពសូវៀត ដែលថានៅពេលដឹងថាខ្លួនមិនអាចប្រកួតឈ្នះសន្លឹកឆ្នោតគេនឹងប្រើប្រព័ន្ធច្បាប់ដើម្បីរារាំងអ្នកនោះ។
លោកត្រាំមិនមានមានតែមួយករណីនេះទេ ខណៈករណីផ្សេងទៀតដែលកំពុងស៊ើបអង្កេតដូចជាសំណុំរឿងសម្រុកចូលវិមានកាពីតូល ការលួចលាក់ឯកសារសម្ងាត់ និងសំណុំរឿងការដាក់សម្ពោធឱ្យរដ្ឋ Georgia ឱ្យកែលទ្ធផលឆ្នោតជាដើម ដែលនឹងអាចរារាំងលោកជាប្រធានាធិបតីអាមេរិកជាថ្មីបាន។
ការស្ទង់មតិរបស់សារព័ត៌មាន Reuters និង Ipsos ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានរកឃើញថា ៥១% នៃពលរដ្ឋអាមេរិករួមទាំង ៨០% នៃគណបក្សសាធារណរដ្ឋបាននិយាយថា ពួកគេជឿថាការចោទប្រកាន់នេះគឺមានហេតុផលនយោបាយ៕