ចិន៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជំរុញឱ្យប្រធានាធិបតីចិន Xi Jinping លើកឡើងនូវហេតុផលទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនគឺរុស្សី ក្នុងគោលបំណងបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន ខណៈលោក Xi បានឆ្លើយតបវិញថា លោកសង្ឃឹមថាភាគីទាំងពីរនឹងអាចធ្វើការចរចាស្វែងរកដំណោះស្រាយសន្តិភាពឆាប់បំផុតតាមដែលអាចធ្វើបាន។
ក្នុងជំនួបពិភាក្សាដែលត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីពិភពលោក ប្រធានាធិបតីបារាំងបានលើកឡើងថាលោកខាងលិចត្រូវតែចូលរួមជាមួយទីក្រុងប៉េកាំង ដើម្បីជួយបញ្ចប់វិបត្តិ និងទប់ស្កាត់ភាពតានតឹងដែលកំពុងមានការរីករាលដាល ដែលអាចបំបែកមហាអំណាចពិភពលោកទៅជាប្លុកនៃសង្រ្គាម។ លោកនិយាយថា លោកជឿជាក់លើចិនថានឹងអាចនាំយករុស្សីមករកសភាពដើមវិញ ជាពិសេសអាចនាំយកគ្រប់ភាគីចូលមកកាន់តុចរចា។
ដោយឡែក មតិនៅក្រោយកិច្ចប្រជុំរបស់លោក Xi បាននិយាយថា លោកនឹងព្យាយាមជំរុញឱ្យរុស្សី និងអ៊ុយក្រែនឱ្យបន្តកិច្ចចរចាសន្តិភាព និងស្វែងរកដំណោះស្រាយផ្នែកនយោបាយដើម្បីដោះស្រាយវិបត្តិនេះ។ ភាគីបារាំងបានហៅជំនួបពិភាក្សាក្នុងប្រទេសចិននៅពេលនេះថាជាជំនួបដែលមានភាពស្មោះត្រង់ និងមានស្មារតីស្ថាបនា ខណៈចិនបានពិពណ៌នាជំនួបនេះថាប្រកបដោយភារតភាព និងស៊ីជម្រៅ។
បន្ថែមពីនេះ លោក Macron ក៏បានស្នើឲ្យលោក Xi ជំរុញរុស្ស៊ីឲ្យគោរពតាមច្បាប់អន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសបេឡារុស្ស ដែលជាប្រទេសនៅក្បែរខាងអ៊ុយក្រែន ដែលជាទង្វើមួយដែលត្រូវបានគេមើលឃើញថាជាការកើនឡើងដ៏គ្រោះថ្នាក់នៅក្នុងជម្លោះដ៏តានតឹងរយៈពេលជាងមួយឆ្នាំកន្លងមក។
ឆ្លើយតបនឹងការលើកឡើងនេះ លោក Xi បាននិយាយថា ប្រទេសទាំងអស់គួរតែគោរពការប្តេជ្ញាចិត្តលើការមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយសង្រ្គាមនុយក្លេអ៊ែរមិនគួរឱ្យកើតមាននោះឡើយ ដោយលោកមិននិយាយសំដៅឆ្ពោះតែទៅលើប្រទេសរុស្សីតែមួយនោះទេ។ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យចៀសវាងសកម្មភាពណាមួយដែលនាំឲ្យវិបត្តិកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ឬក៏សកម្មភាពណាមួយដែលអាចជំរុញឱ្យស្ថានការណ៍អាចនឹងគ្រប់គ្រងលែងបាន៕