សៀមរាប៖ ខ្យល់កន្ត្រាក់នៅខេត្តសៀមរាបកាលពីវេលាទៀបភ្លឺ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បណ្តាលឱ្យខូចខាតហេដ្ឋារចនាសម័្ពន្ធ និងប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងភូមិបាគងចំនួន ៣ឃុំ ខណៈនាយករដ្ឋបាលខេត្តសៀមរាបបញ្ចាក់ថានឹងរៀបចំជួសជុលឡើងវិញទាន់ពេលវេលា សម្រាប់ទទួលភ្ញៀវទេសចរក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានប្រាប់ឱ្យ EAC NEWS ដឹងថាភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់កាលពីព្រឹកថ្ងៃទី៧ ខែមេសា នេះបានធ្វើឱ្យមានការខូចខាតស្តង់ និងការរៀបចំតុបតែងមួយចំនួនដោយស្តង់នៅតាមតំបន់មាត់ស្ទឹងបានការចូចខាតប្រមាណ ៤០-៥០ភាគរយ រួមទាំងតំបន់នៅមុខព្រះរាជដំណាក់ផងដែរ។
លោក លី វណ្ណៈ បានបញ្ចាក់ឱ្យដឹងថាបន្ទាប់ពីរងគ្រោះពីភ្លៀងលាយលំនឹងខ្យល់កន្រ្តាក់នេះ រដ្ឋបាលខេត្តនិងភាគីពាក់ព័ន្ធកំពុងតែរៀបចំឡើងវិញ ដែលនឹងរួចរាល់មុនពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដើម្បីទទួលភ្ញៀវទេសចរណ៍។
លោកបានបញ្ជាក់បន្ថែមថា ការរៀបចំជុសជុលឡើងវិញនេះនឹងធ្វើឱ្យបាន រឹងមាំជាងមុនដើម្បីការពារទប់ស្កាត់ពីគ្រោះថ្នាក់ផ្សេងៗ ខណៈគ្រោះធម្មជាតិអាចនឹងដោយយថាហេតុដូចនេះការរៀបចំសាងសង់នានានឹងត្រូវពង្រឹងឱ្យបានល្អបន្ថែមទៀត។
ទន្ទឹមនោះដែរ ក្រៅពីខូចខាតហេដ្ឋារចនាសម្ព័ននៅក្នុងក្រុងសៀមរាប ក៏មានការប៉ះពាល់ទៅដល់ផ្ទះប្រជាពលរដ្ឋចំនួន៣ឃុំ ក្នុងស្រុកបាគង រួមមាន ភូមិបាគង ភូមិកន្រ្ទាំង និងភូមិរលួស។
គួរឱ្យដឹងដែរថា ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាចាប់ពីថ្ងៃទី៥-១១ ខែមេសា តំបន់ខ្លះនឹងមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដូច្នេះក្រសួងអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ៕





PHOTO: Facebook Vann DaVit

