អង់គ្លេស៖ លោក Frank Lampard បានវិលត្រឡប់មកកាន់ទឹកដី Stamford Bridge សាជាថ្មីម្តងទៀតក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្ន ពោលគឺលោកនឹងដឹកនាំ Chelsea រហូតដល់ចប់រដូវកាលនេះ បន្ទាប់ពីក្លិបបានប្រកាសបណ្តេញលោក Graham Potter ចេញពីតំណែង។ អតីតវីរបុរសរបស់ Chelsea រូបនេះ ធ្លាប់បានដឹកនាំក្លិបនេះម្តងដែរ ដោយបានចំណាយពេល ១៩ខែ មុនពេលត្រូវបានក្លិបបណ្តេញចេញនៅខែមករា ឆ្នាំ២០២១។
ម្ចាស់ក្លិប Chelsea គឺលោក Todd Boehly និងលោក Behdad Eghbali បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្លិបថា៖ "ក្លិបពិតជាមានភាពរីករាយក្នុងការប្រកាសពីវត្តមានរបស់ Frank Lampard មកកាន់ទឹកដី Stamford Bridge ក្នុងនាមជាវីរបុរសរបស់ក្លិប។ យើងចង់ផ្តល់ឱ្យក្លិប និងអ្នកគាំទ្ររបស់យើងនូវផែនការច្បាស់លាស់ និងស្ថិរភាពសម្រាប់ពេលវេលាដែលនៅសល់ក្នុងរដូវកាលនេះ"។
គួរបញ្ជាក់ថា ការវិលត្រឡប់របស់ Lampard នាពេលនេះ យ៉ាងហោចណាស់ក៏ជាការជំរុញទឹកចិត្តអ្នកគាំទ្រមួយផ្នែកផងដែរ បន្ទាប់ពីក្លិបបានធ្លាក់ក្នុងស្ថានភាពយ៉ាប់យ៉ឺន បើទោះជាបានចំណាយលុយប្រមាណជា ៣០០លានផោនក្នុងការនាំយកកីឡាករកាលពីខែមករាក៏ដោយ។ កន្លងទៅ អ្នកគាំទ្រ Chelsea មួយចំនួនក៏ហាក់មិនសប្បាយចិត្តផងដែរ ចំពោះការសម្រេចចិត្តរបស់ម្ចាស់ក្លិបជាមហាសេដ្ឋីរុស្សី លោក Roman Abramovich ដែលបានបណ្តេញ Lampard ចេញពីតំណែង។
ភារកិច្ចបន្ទាប់របស់ Lampard គឺការររៀបចំក្រុមក្នុងការធ្វើដំណើរទៅកាន់ទឹកដី Wolverhampton Wanderers ក្នុងក្របខណ្ឌ Premier League នាការប្រកួតថ្ងៃសៅរ៍នេះ មុនពេលបន្តភារកិច្ចជួបជាមួយ Real Madrid នាវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League នាទឹកដីទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ នាសប្តាហ៍ក្រោយ។ សេចក្ដីថ្លែងការណ៍របស់ក្លិបបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់វត្តមាន Lampard ដោយជឿជាក់ថានឹងមានលទ្ធផលល្អប្រសើរសម្រាប់ការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះ៕