ចិន៖ ប្រទេសចិនបានដាក់ពង្រាយនាវាចម្បាំងឆ្លងកាត់ដែនទឹកជុំវិញកោះតៃវ៉ាន់នាថ្ងៃទី០៦ ខែមេសានេះ ខណៈដែលចិនបានប្តេជ្ញាថាខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងដោយបង្ខំចំពោះប្រធានាធិបតីតៃវ៉ាន់ដែលបានជួបជាមួយប្រធានសភាអាមេរិក លោក Kevin McCarthy។ លោក McCarthy ត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលមានអំណាចបំផុតលំដាប់ទី៣ នៃសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី និងអនុប្រធានាធិបតី រួមជាមួយនឹងសមាជិកសភាផ្សេងទៀត បានជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-Wen កាលពីថ្ងៃពុធម្សិលមិញនេះ នៅរដ្ឋកាលីហ្វ័រញ៉ា។
ប្រទេសចិនបានព្រមានម្តងហើយម្តងទៀតថា ជំនួបនេះមិនគួរឱ្យកើតមានឡើងឡើយ ព្រមទាំងបានព្រមានដោយសកម្មភាពនៃការដាក់ពង្រាយនាវាជាច្រើនគ្រឿងឆ្លងកាត់ដែនទឹកភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ផងដែរ។ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា នាវាចម្បាំងបីគ្រឿងបន្ថែមត្រូវបានរកឃើញនៅក្នុងដែនទឹករបស់ខ្លួន។ ដោយឡែក បើតាមប្រភពពីក្រសួងការពារជាតិរបស់តៃវ៉ាន់ក៏បានបង្ហាញថា វត្តមាននៃឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកក៏បានឆ្លងកាត់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះផងដែរ។
គួរបញ្ជាក់ថា បើទោះបីជាតៃវ៉ាន់បានដឹកនាំដោយស្វ័យតអស់រយៈពេលប្រមាណជា ៧០ឆ្នាំមកហើយក្តី ក៏ចិននៅតែបន្តអះអាងថាដែនកោះនេះគឺជាផ្នែកមួយនៃទឹកដីរបស់ចិន ព្រមទាំងបានលើកឡើងថាចិននឹងដណ្តើមការគ្រប់គ្រងមកវិញនៅថ្ងៃណាមួយ ដោយអាចនឹងប្រើប្រាស់កម្លាំងបង្ខំផងដែរ ប្រសិនបើចាំបាច់។ គួររំឮកថា កន្លងមកចិនបានធ្វើសមយុទ្ធផ្លូវអាកាស និងលើដែនសមុទ្រដ៏ធំបំផុតមិនធ្លាប់មាននៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចកាលពីខែសីហាឆ្នាំមុន ដោយប្រធានសភាអាមេរិកលោកស្រី Nancy Pelosi មកកាន់កោះនេះ។
យ៉៉ាងណាមិញ ការឆ្លើយតបរបស់ចិនចំពោះជំនួបលោកស្រី Tsai Ing-Wen ជាមួយប្រធានសភាអាមេរិក លោក Kevin McCarthy ហាក់ស្ថិតក្នុងកម្រិតគំរាមកំហែងទាបជាងកាលពីវត្តមានដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ប៉ុន្តែយ៉ាងណាមិញក៏បានបង្កការព្រួយបារម្ភ និងត្រៀមខ្លួនខ្ពស់ជានិច្ចសម្រាប់តៃវ៉ាន់៕