ជប៉ុន៖ អ្នកគាំទ្រកីឡានៅក្នុងប្រទេសជប៉ុន បានមកជួបជុំគ្នានឹងប្រមូលផ្តុំនៅតាមបណ្តោយផ្លូវដែលជាទីតាំងសម្រាប់ការប្រកួតវិញ្ញាសារកីឡា ទ្រីយ៉ាត្លុង (Triatlon) ដែលប្រកួតនៅថ្ងៃចន្ទ ទី២៦ ខែកក្កដានេះ។ ការជួបជុំគ្នានេះ ត្រូវបានគេគិតថាកើតមានឡើង ដោយសារតែអ្នកគាំទ្រទាំងអស់យល់ថា នេះគឺជាឱកាសដ៏កម្រសម្រាប់ការទស្សនាផ្ទាល់ភ្នែក នូវការប្រកួតព្រឹត្តិការណ៍អូឡាំពិកក្នុងប្រទេសរបស់ខ្លួន ខណៈវិញ្ញសារទាំងអស់ត្រូវបានអ្នករៀបចំព្រឹត្តិការណ៍នេះ ក៏ដូចជាគណៈកម្មការអូឡាំពិកអន្តរជាតិតម្រូវឱ្យធ្វើឡើងក្នុងលក្ខណៈបិទទ្វារ។
គួរឱ្យដឹងថា កន្លងមកគណៈកម្មាធិការអូឡាំពិកជប៉ុន ព្រមទាំងរដ្ឋាភិបាលជប៉ុនបានប្រកាសថា ការប្រកួតកីឡាកម្រិតពិភពលោក ៤ឆ្នាំម្តងនេះ នឹងត្រូវធ្វើឡើងនៅក្នុងលក្ខខណ្ឌបិទទ្វារ ពោលគឺមិនអនុញ្ញាតឱ្យមានអ្នកទស្សនាផ្ទាល់ឡើយ ត្បិតទីក្រុងធំបំផុតរបស់ជប៉ុនមួយនេះកំពុងស្ថិតនៅក្រោមវិធានការរឹតត្បិត ដោយសារការហក់ឡើងខ្លាំងនូវតួលេខអ្នកឆ្លងកូវីដ-១៩។
មនុស្សម្នាបានជួបជុំទស្សនាការប្រកួតទ្រីយ៉ាត្លុង នៅតាមបណ្តោយផ្លូវលើកោះ អូបៃដា (Obaida) ស្របមាត់ឆ្នេរនាទីក្រុងតូក្យូ ខណៈបុគ្គលិកនៃព្រឹត្តិការណ៍អូឡាំពិកបានលើកបដាដោយសរសេរថា "ដើម្បីជៀសវាងការរាលដាលនៃការឆ្លងកូវីដ-១៩ យើងស្នើសុំកុំឱ្យមានការប្រមូលទស្សនានៅតាមចិញ្ចើមផ្លូវ"។
គួរឱ្យដឹងថា វិញ្ញាសារទ្រីយ៉ាត្លុង ផ្នែកបុរសដែលបានបញ្ចប់នៅថ្ងៃចន្ទនេះ មេដាយមាសបានទៅលើអត្តពលិកសញ្ជាតិណ័រវេយ៍ Kristian Blummenfelt ក្នុងថេរវេលា ១ម៉ោង ៤៥នាទី និង៤វិនាទី ខណៈមេដាយប្រាក់បានទៅលើអត្តពលិក Alex Yee របស់ចក្រភពអង់គ្លេស និងមេដាយសំរឹទ្ធបានទៅលើអត្តពលិកណូវែលហ្សេឡង់ Hayden Wilde។ ទ្រីយ៉ាត្លុង គឺជាប្រភេទកីឡាអូឡាំពិកមួយដែលរួមបញ្ចូលគ្នានូវប្រភេទកីឡាចំនួន ៣ រួមមានហែលទឹក, ជិះកង់ និងរត់៕