អន្តរជាតិ៖ ការចោទប្រកាន់របស់តុលាការទីក្រុងញ៉ូវយ៉កលើកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងរឿងឱ្យលុយបិទមាត់តួអាសអាភាសអំពីទំនាក់ទំនងស៊ីជម្រៅរបស់លោកកាលពីចុងខែមីនា ឆ្នាំ២០២៣ មិនអាចរារាំងលោកត្រាំពីបំណងក្នុងការវិលត្រលប់ជាប្រធានាធិបតីអាមេរិកជាថ្មីក្នុងឆ្នាំ២០២៤ នោះទេ។
តាមរដ្ឋធម្មនុញ្ញអាមេរិក បេក្ខភាពប្រធានាធិបតីអាមេរិក គឺត្រូវតែជាពលរដ្ឋអាមេរិកពីកំណើត និងបានរស់នៅអាមេរិកយ៉ាងហោច ១៤ឆ្នាំ ដែលមានអាយុយ៉ាងតិច ៣៥ឆ្នាំ។ មានតែអ្នកដែលចូលរួមក្នុងការបះបោរ ធ្វើឧទ្ទាមប្រឆាំងរដ្ឋអំនាចតែប៉ុណ្ណោះ ដែលគ្មានសិទ្ធិឈរឈ្មោះ ក្នុងការបោះឆ្នោតប្រធានាធិបតី។
Wasinton Post បានដកស្រង់ប្រសាសន៍របស់សាស្ត្រាចារ្យច្បាប់ញូវយ៉កលោក Anna G. Cominsky ថា គ្មានការតម្រូវពីរដ្ឋធម្មនុញ្ញច្រើនដើម្បីឈរឈ្មោះជាប្រធានាធិបតីទេ ហើយក៏គ្មានការហាមឃាត់ច្បាស់លាស់ក្នុងរដ្ឋធម្មនុញ្ញអាមេរិកទាក់ទងនឹងការចោទប្រកាន់ ឬសូម្បីតែត្រូវបានកាត់ទោសហើយក្ដី។
លោកត្រាំត្រូវបានចោទប្រកាន់លើបទល្មើសចំនួន៣៤ ជុំវិញការចោទប្រកាន់ថា បានបង់ប្រាក់ចំនួន ១៣ម៉ឺនដុល្លារដល់ លោកស្រី Stormy Daniels ដើម្បីបញ្ឈប់នាងពីការផ្សព្វផ្សាយជាសាធារណៈអំពីទំនាក់ទំនងផ្លូវភេទជាមួយគាត់។
ចេញពីសវនាការអតីតប្រធានាធិបតីទី៤៥ ដែលនៅរក្សាប្រជាប្រិយរបស់ខ្លួនរូបនេះបានថ្លែងក្នុងសន្ទរកថាមួយថារដ្ឋអាជ្ញាអាមេរិកថាបានប្រើយុទ្ធសាស្ត្រចេញពីអតីតសហភាពសូវៀត ដែលថានៅពេលដឹងថាខ្លួនមិនអាចប្រកួតឈ្នះសន្លឹកឆ្នោតគេនឹងប្រើប្រព័ន្ធច្បាប់ដើម្បីរារាំងអ្នកនោះ។
លោកត្រាំមិនមានមានតែមួយករណីនេះទេ ខណៈករណីផ្សេងទៀតដែលកំពុងស៊ើបអង្កេតដូចជាសំណុំរឿងសម្រុកចូលវិមានកាពីតូល ការលួចលាក់ឯកសារសម្ងាត់ និងសំណុំរឿងការដាក់សម្ពោធឱ្យរដ្ឋ Georgia ឱ្យកែលទ្ធផលឆ្នោតជាដើម ដែលនឹងអាចរារាំងលោកជាប្រធានាធិបតីអាមេរិកជាថ្មីបាន។
ការស្ទង់មតិរបស់សារព័ត៌មាន Reuters និង Ipsos ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានរកឃើញថា ៥១% នៃពលរដ្ឋអាមេរិករួមទាំង ៨០% នៃគណបក្សសាធារណរដ្ឋបាននិយាយថា ពួកគេជឿថាការចោទប្រកាន់នេះគឺមានហេតុផលនយោបាយ៕