ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជាលើកបង្ហាញក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សពីកិច្ចប្រឹងប្រែង និងវឌ្ឍនភាពលើវិស័យសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ

ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឡើងថ្លែងបទអន្តរាគមន៍សរុបចំនួន២២ លើកបង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា លើទិដ្ឋភាពច្បាប់គោលនយោបាយ និងការអនុវត្តជាក់ស្ដែងក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។

កិច្ចប្រជុំរយៈពេល ៦សប្ដាហ៍ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នោះ គណៈប្រតិភូកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សានានាស្តីពីការ ពង្រឹងរបៀបរបបការងាររបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងផ្នែកនីតិវិធីពិសេស ព្រមទាំងប្រធានបទស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសមួយចំនួនផងដែរ។

ខ្លឹមសារសំខាន់ៗក្នុងបទអន្តរាគមន៍នោះបានបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការបង្ការនិងការពារ ដើម្បីលុបបំបាត់អំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់ទម្រង់លើកុមារ ដែលក្នុងនោះរួមមាន តាមរយៈការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ និងយុទ្ធនាការឌីជីថល “គិតគូកូន" ហើយកម្ពុជាទទួលបានការកោតសរសើរពីអង្គការយូនីសេហ្វ ក្នុងឆ្នាំ២០២២ ចំពោះការប្រយុទ្ធប្រឆាំងអំពើហិង្សាលើកុមារ។

ក្នុងនោះដែរកម្ពុជាគាំពារតួនាទីស្របច្បាប់របស់អង្គការសង្គមស៊ីវិលដែលបានចុះបញ្ជី ដែលមានចំនួនកើនឡើងជិត ៦ ០០០អង្គការ ដែលត្រូវបានអនុញ្ញាតឱ្យចូលរួមដោយសេរី ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដោយបានរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ប្រព័ន្ធ យុត្តិធម៌ និងសិទ្ធិមនុស្ស ខណៈទស្សនៈរិះគន់របស់សង្គមស៊ីវិលលើកិច្ចការសាធារណៈក៏ត្រូវបានសម្របសម្រួលបានយ៉ាងល្អតាមរយៈសេវាអ៊ីនធឺណិតតាមទូរស័ព្ទចល័តបស់កម្ពុជាក្នុងតម្លៃសេវាទាបបំផុតនៅក្នុងតំបន់ និងបំពងបន្លឺបន្ថែមដោយប្រព័ន្ធផ្សព្វផ្សាយទាំងបែប ប្រពៃណី និងឌីជីថលជិត ២ ០០០អង្គភាព ដែលកំពុងដំណើរការដោយមិនគ្មានការត្រួត ពិនិត្យជាមុន និងរឹតត្បិត ដែលត្រូវបានធានាដោយច្បាប់ស្តីពីរបបសារព័ត៌មាន។

ក្នុងបទអន្តរាគមន៍ឱ្យដឹងទៀតថា សិទ្ធិមនុស្សទាំងអស់ រួមមានសិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិក្នុងការអភិវឌ្ឍជាប្រការចាំបាច់ណាស់ ក្នុងការទទួលបានការផ្តល់តម្លៃប្រកបដោយ យុត្តិធម៌ និងស្មើៗគ្នា ដោយឈរលើមូលដ្ឋាននិងទទួលបានការយកចិត្តទុកដាក់ដូចៗគ្នា។ កម្ពុជាគាំទ្រវិធីសាស្ត្រណាមិនលម្អៀងរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមិនជ្រើសរើសត មួយជ្រុង មិនធ្វើនយោបាយូបនីយកម្ម មិនប្រឈមមុខដាក់គ្នា និងមិនមានស្តង់ដារពីរ ក្នុង គោលដៅជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពិតប្រាកដ។

គួរឱ្យដឹងដែរថា សម័យប្រជុំលើកទី៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កម្ពុជាបានចូលឈ្មោះគាំទ្រ សេចក្ដីថ្លែងការណ៍រួមចំនួន១៣ ដែលស្នើដោយអាស៊ាន ចលនាមិនចូលបក្សសម្ព័ន្ធ និងក្រុមប្រទេសដែលមានគំនិតដូចគ្នា លើប្រធានបទស្តីពី សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស សន្តិសុខស្បៀង សេរីភាពសិក្សាធិការ អ្នកកាន់អាណត្តិនៃនីតិវិធីពិសេស និងយន្តការនៃការត្រួត ពិនិត្យជាសកលតាមកាលកំណត់ ជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព សិទ្ធិអភិវឌ្ឍន៍ និងវិធានការបង្ខិតបង្ខំជាឯកតោភាគី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក