សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

នាយករដ្ឋមន្ត្រីរម្លឹកពាក្យស្លោកខ្មែរមួយឱ្យក្រុមសេដ្ឋីនៅកម្ពុជាគិតពិចារណា

តាខ្មៅ៖ «អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន» ជាពាក្យស្លោកដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សូត្ររម្លឹកទៅកាន់ក្រុមសេដ្ឋីដែលបានចូលទៅជួបសម្ដេច នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាការរស់នៅក្នុងសង្គមមួយមិនអាចកាត់ផ្តាច់គ្នានោះឡើយ រវាងអ្នកមាននិងអ្នកខ្សត់ខ្សោយ គឺត្រូវជាយកអាសាគ្នា ជាមួយគ្នានោះសម្ដេចបានណែនាំដល់សមាគមឧកញ៉ាដែលបានចូលជួបសម្ដែងការគួរសមនៅព្រឹកនេះឱ្យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់ត្រូវពង្រឹងសាមគ្គីភាព រួមគ្នាជួយដល់កិច្ចការសង្គម ធ្វើសកម្មភាពមនុស្សធម៌ និងចេះជួយដល់ការលំបាករបស់ប្រជាពលរដ្ឋផងដែរ។

ការលើកឡើងរបស់សម្ដេចតេជោនាពេលនេះក្នុងពេលដែលមានអ្នកមានម្នាក់ និងជាគ្រូជោគជ័យផងនោះ លោកស្រី តាំង ហ្គិចលាង បានប្រើប្រាស់ភាសាបែងចែកវណ្ណៈថាអ្នកដែលរិះគន់លោកស្រីគ្មានទម្ងន់អ្វីដែលធ្វើឱ្យប៉ះពាល់លោកស្រីនោះទេ ដែលធ្វើឱ្យមានប្រតិកម្មពីមហាជនរួមទាំងនាយករដ្ឋមន្ត្រីផងដែរ។ ទោះជាយ៉ាងណាលោកស្រី បានសុំទោស និងត្រូវបាននាយករដ្ឋមន្ត្រីស្នើឱ្យបញ្ចប់បញ្ហានេះកាលពីយប់ថ្ងៃទី៥ ខែមេសា រួចរាល់ហើយ។

ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងអំណរគុណចំពោះអនុសាសន៍របស់សម្ដេចតេជោ និងជម្រាបសម្ដេចថា សមាគមនឧកញ៉ាកម្ពុជា មានទស្សនវិស័យនិងបេសកម្មគឺ ការរក្សាការពារឧត្តមភាពនៃគោរមងារឧកញ៉ា ចូលរួមចំណែកក្នុងសកម្មភាពសង្គមនិងសប្បុរសធម៌នានា លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទកម្ពុជា បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ភាពជាដៃគូរនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានទទួលយល់ព្រមធ្វើជាប្រធានកិត្តិយសនៃសមាគមឧកញ៉ានៅកម្ពុជាផងដែរ។

គួរឱ្យដឹងផងដែរថាសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ន សមាគមឧកញ៉ាកម្ពុជា ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប ដែលមានអាណត្តិ ៥ឆ្នាំ៕ 

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក