ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

តើពូជស្រូវ «ចំប៉ីស៧០» ជាអ្វី?

ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ពិសោធន៍៩ឆ្នាំ កម្ពុជា-អូស្ត្រាលី បានដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូបថ្មីមានឈ្មោះថា «ចំប៉ីស៧០»។ តើស្រូវប្រភេទថ្មីនេះមានលក្ខណៈពិសេសអ្វីទើបប្រើការពិសោធន៍ដល់ទៅជិត ១០ឆ្នាំទើបបង្ហាញនូវលទ្ធផល?

ចំប៉ីស៧០ គឺជាពូជស្រូវដែលបង្កាត់ចេញពីពូជស្រូវផ្ការំដួល ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជានៅវិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។ វាជាពូជស្រូវធន់នឹងអាកាសធាតុ គ្រោះទឹកជំនន់ និងផ្តល់ផលបានលឿន ហើយច្រើន។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងថា ចំប៉ីស៧០ គឺជាពូជស្រូវថ្មីដែលផ្តល់ទន្និផលច្រើន មានទីផ្សារ និងអាចប្រកួតប្រជែងនៅអន្តរជាតិ។ លោកបានជំរុញឱ្យវិស័យឯកជនជួយផ្សព្វផ្សាយពូជស្រូវប្រភេទថ្មីនេះនៅវេទិកាអន្តរជាតិ ឬនៅពិព័រណ៍អន្តរជាតិ។ ទន្ទឹមនេះត្រូវបង្ហាញទៅអន្តរជាតិអំពីការដាំទៅជាបាយនូវប្រភេទស្រូវអង្ករនេះ ដើម្បីឱ្យអន្តរជាតិដឹងពីរសជាតិនៃអង្ករប្រភេទនេះ។

លោកថ្លែងថា៖ «អង្ករខ្មែរយើងនេះ ប្រសិនយើងជំរុញបន្ថែមទៀតឱ្យអនិជនខ្មែរយើងនៅតាមបរទេសបានស្វែងយល់ពីពូជផ្សេងៗដែលយើងមាន ហើយទទួលបានពូជសុទ្ធអង្ករសុទ្ធ ពេលនោះតម្រូវការនឹងកើនឡើងខ្ពស់ ហើយការនាំចេញអង្ករក៏កាន់តែបានខ្ពស់បន្ថែមទៀត»

អគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Justin Whyatt សង្ឃឹមថា ប្រជាកសិករខ្មែរនឹងជ្រើសរើសពូជស្រូវចំប៉ីស៧០នេះ ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ និងជួយផលដល់សេដ្ឋកិច្ចកម្ពុជា។ លោកថ្លែងថា អូស្ត្រាលីមានមោទកភាពដែលជួយដល់កិច្ចការស្រាវជ្រាវពូជស្រូវនៅកម្ពុជា ហើយលោកថាអូស្ត្រាលីនឹងបន្តគាំទ្រដល់ វិទ្យាស្ថាន CARDI ដើម្បីស្រាវជ្រាវរកពូជស្រូវបន្ថែមទៀត ខណៈកន្លងមកអូស្ត្រាលីបានជួយគាំទ្រដល់វិទ្យាស្ថានមួយនេះស្រាវជ្រាវ និងបង្កើតពូជស្រូវជិត ៥០ប្រភេទ។

នាយកវិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោក ឡោ ប៊ុណ្ណា បានបញ្ជាក់ថា ចំប៉ីស៧០ គឺជាពូជស្រូវដែលបានស្រាវជ្រាវ បង្កាត់ឡើងតាំងពីឆ្នាំ២០១៣ និងបានឱ្យដាំសាកល្បងនៅខេត្តមួយចំនួន ដូចជាខេត្តព្រៃវែងជាដើម។ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលអាចដាំដុះនៅគ្រប់រដូវ រយៈពេល ៣ដងក្នុងមួយឆ្នាំ ដែលវាធន់នឹងអាកាសធាតុ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលផ្តល់ផលលឿនក្នុងរយៈពេល ៩០ថ្ងៃទៅ ៩៧ថ្ងៃគឺអាចច្រូតកាត់។

បើតាមលោក ឡោ ប៊ុណ្ណា ប្រជាកសិករអាចច្រូតកាត់បានក្រោម ៩០ថ្ងៃ ប្រសិនកសិករព្រោះស្រូវប្រភេទនេះ ប៉ុន្តែបើស្ទួងស្រូវវិញ កសិករអាចច្រូតកាត់ក្នុងចន្លោះពី ៩០ថ្ងៃទៅ ៩៧ថ្ងៃ គឺយូរជាងព្រោះស្រូវ។ លោកនិយាយថា៖ «បើស្ទួង យើងថែទាំបានល្អ គឺទន្និផលខ្ពស់ជាង (ព្រោះស្រូវ) ហើយថែទាំគឺស្រួលជាងដោយសារយើងអាចដាក់ទឹកបោចស្មៅ ប៉ុន្តែយើងព្រោះគឺអត់អាចធ្វើបាន គឺយើងធ្វើដីឱ្យស្អាតហើយយើងពន្លិចទឹកទៅ បានអត់សូវមានស្មៅ ហើយយើងប្រើទឹកតិច»

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំងកុមារ បានលើកឡើងថា ក្រសួងកសិកម្មកំពុងតែដោះស្រាយបញ្ហាដែលប្រជាកសិករយកពូជស្រូវ និងលក់អង្ករមិនសុទ្ធល្អ ហើយទម្លាក់តម្លៃថោក ដែលធ្វើឱ្យអង្ករកម្ពុជាបាត់បង់ការប្រកួតប្រជែង។ លោកថ្លែងថា៖ «យើងនឹងធ្វើការយ៉ាងណាដើម្បីធានាឱ្យអ្នកបរិភោគទទួលបានពូជសុទ្ធល្អ ហើយអ្នករកស៊ីដែលប្រើប្រាស់ពូជស្រូវពូជសុទ្ធ ១០០ភាគរយ»

ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម លោក គង់ គា បានអះអាងថា ការប្រើប្រាស់ពូជសុទ្ធល្អនឹងធ្វើឱ្យមានទិន្នផលផ្លែទុំដំណាលគ្នាបានច្រើន មានគុណភាព ហើយគ្មានគ្រាប់ស្មៅ ហើយទប់ស្កាត់ការបាត់បង់ទន្និផលពេលដែលប្រមូលផល។

ប្រធាននាយកដ្ឋានដំណាំស្រូវបានគូសបញ្ជាក់ថា ទិសដៅនៅថ្ងៃអនាគតក្រសួងនឹងរៀបចំប្រព័ន្ធតាមដានពីដំណាក់កាលផលិតពូជ ដល់ការកិន រហូតដល់ការវេចខ្ចប់ ដើម្បីធានាបាននូវអង្ករសុទ្ធដែលមានគុណភាពល្អ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក