ម៉ាឡេស៊ី៖ ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ធ្វើដំណើរដល់ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីហើយ កាលពីព្រឹកព្រលឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ (ម៉ោងនៅម៉ាឡេស៊ី)។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC លោក ហោ សារុន ដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ធ្វើដំណើរដល់ទី ប្រទេសម៉ាឡេស៊ីហើយ ដោយទទួលបានការស្វាគមន៍ដោយផ្ទាល់ពី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ីលោក អ៊ុក ចាន់ដារ៉ា រួមជាមួយលោក Datuk Mohd Nasir ប្រធានបេសកជន និងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ី។
បន្ទាប់ពីប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និង ទីម័រខាងកើត ម៉ាឡេស៊ីជាប្រទេសទី៥ដែលព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែទៅដល់។ព្រះអគ្គិជ័យកីឡាត្រូវបានតម្កល់ទុកនៅស្ថានទូតកម្ពុជានៅទីក្រុងកូឡាឡាំពួរ។
គួរឱ្យដឹងដែរថា ភ្លើងគប់កីឡានឹងបន្តដង្ហែទៅជុំវិញប្រទេសអាស៊ាន ព្រុយណេ សឹង្ហបុរី ថៃ មីយ៉ាន់ម៉ា និង ឡាវ ហើយនឹងបន្តដង្ហែមកកម្ពុជាវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយដង្ហែជុំវិញបឹងទន្លេសាបមុនឡើងមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេម។
នៅសល់តែ ២៩ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នឹងឈានដល់៕