នាយករដ្ឋមន្ត្រីប្រាប់ទៅអ្នកមានទាំងអស់ថា កុំភ្លេចកំណើតខ្លួនព្រោះចេញពីរបប ប៉ុល ពត មកគ្មានអ្នកមាននោះទេ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារសំឡេងទាំងយប់ក្រោយពីសម្ដេចបានឃើញនូវឃ្លីបមួយដែលលោកស្រី តាំង ហ្គិចលាង បានប្រើប្រាស់ភាសាថា ប្រជាជនគឺជាអ្នកមានគីឡូស្រាល។ សម្ដេចបានផ្ដាំថាកុំភ្លេចកំណើតរបស់ខ្លួន ព្រោះចេញពីរបប ប៉ុល ពត មកគ្មានអ្នកណាមាននោះទេ។
សារសំឡេងទាំងយប់ថ្ងៃទី៥ ខែមេសានេះ សម្ដេចតេជោថា សម្ដេចមិនអាចទទួលយកបាននូវពាក្យពេចន៍ដែលប្រមាថមើលងាយទៅលើប្រជាពលរដ្ឋនោះទេ។
សម្ដេចថា៖ «ក្មួយត្រូវតែដឹងថានៅក្នុងសង្គមគ្មានអ្នកណាក៏គីឡូទាប គ្មានអ្នកណាគីឡូខ្ពស់ទេមនុស្សមានសិទ្ធិសេរីភាពដូចគ្នា។ ហើយយើងគួរតែបញ្ជាក់ថា ពូជអ្នកមានវាដាច់ពូជអស់ទៅហើយក្នុងជំនាន់ប៉ុលពតនោះ!»។
សម្ដេចតេជោ សង្ឃឹមថាអ្នកមានជំនាន់ថ្មីសម័យនេះមិនមើលងាយទៅដល់អ្នកខ្សត់ខ្សោយនោះទេ ដោយបានលើកឡើងពីក្ដីបារម្ភនៃការប្រឆាំងវណ្ណៈអាចកើតឡើងបានដោយសារបញ្ហានេះ ដែលនឹងអាចក្លាយជាបញ្ហាសង្គមធ្ងន់ធ្ងរ។
សម្ដេចបញ្ចាក់ថា សម្ដេចនៅឈរជាមួយពលរដ្ឋ។
ជាមួយគ្នានេះសម្ដេចតេជោ ក៏បានបញ្ចេញនូវវីដេអូលោកស្រី តាំង ហ្គិចលាង សុំទោសជាសាធារណៈនូវកំហុសឆ្គងពាក្យសម្ដីរបស់លោកស្រីនិងថាលោកស្រីនឹងលុបលាងនៅកំហុសនេះឡើងវិញផងដែរ។
សម្ដេចបានស្នើឲ្យបញ្ឈប់ការវាយប្រហារគ្នាបន្តទៀតលើរឿងអ្នកមាន និងអ្នកក្រ តាមរយៈវីដេអូនៃការសុំទោសនេះ។
សម្ដេចថា៖ «ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថាអ្វីដែលជាសំណូមពររបស់ខ្ញុំព្រះករុណាខ្ញុំនេះមិនហួសហេតុទេ។ ហើយខ្ញុំព្រះករុណាខ្ញុំក៏សង្ឃឹមថាក្មួយស្រី តាំង ហ្គិចលាង នឹងទទួលយកនូវកំហុសនេះដកស្រង់នៅកំហុសនេះដើម្បីរៀននិយាយឡើងវិញដើម្បីកុំឲ្យប៉ះនៅមូលដ្ឋានគ្រឹះនៃប្រទេសជាតិគឺប្រជាជននោះឯង»៕