ភ្នំពេញ៖ អ្នកនាំពាក្យនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ លោក សុខ ចិន្តាសោភា មានប្រសាសន៍ថាប្រទេសចិនមានតួនាទី និងស្មារតីទទួលខុសត្រូវលើទន្លេមេគង្គដោយប្រទេសនេះគាំទ្រទាំងស្រុងលើស្មារតី «មេគង្គតែមួយស្មារតីតែមួយ»។
ថ្លែងក្នុងសន្នីសិទសារព័ត៌មានរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីចុះពីលើយន្តហោះនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញលោក សុខ ចិន្តាសោភា បានកោតសរសើរនូវស្មារតីទទួលខុសត្រូវរបស់ចិនលើជោគវាសនាទន្លេមេគង្គដោយថាបើទោះបីប្រទេសនេះមិនមែនជាសមាជិកគណៈកម្មការទន្លេមេគង្គក្ដីតែប្រទេសនេះបញ្ជូនរដ្ឋមន្ត្រីធនធានទឹករបស់ខ្លួនមកចូលរួម។
លោកបន្ថែមថាក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៥ ខែមេសា រដ្ឋមន្ត្រីធនធានទឹកចិនលោក Li Guoying បានថ្លែងបទអន្តរាគមន៍មួយដែលផ្ដល់នូវភាពកក់ក្ដៅដល់ប្រទេសនៅតំបន់ទន្លេមេគង្គ ដែលមានការទទួលខុសត្រូវ និងគិតគូរគ្រប់ជ្រុងជ្រោយ។
លោកថា៖ «មានពាក្យមួយដែលខ្ញុំអត់បាននិយាយគឺនៅក្នុងគណកម្មការមេគង្គយើងមានបាវចនាទៅចុះ មេគង្គតែមួយស្មារតីតែមួយ នេះជាបាវចនារបស់គណកម្មាធិការទន្លេមេគង្គ។ ចិនគាត់បានថាយើងខ្ញុំសាធារណរដ្ឋប្រជាមានិតចិនគឺស្របទាំងស្រុងលើស្មារតីនេះ»។
ទន្លេមេគង្គមានប្រភពពីទន្លេឡានឆាងប្រទេសចិនដែលជាទន្លេរវែងជាងគេទី១២ លើពិភពលោក។ មានប្រទេសចំនួន៤ គឺជាសមាជិកគណៈកម្មាធិការទន្លេមេគង្គដែលរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ដែលហៅថាខ្សែទឹកខាងក្រោមខណៈខ្សែទឹកខាងលើមានប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា គឺជាដៃគូរសន្ទនានៃគណៈកម្មាធិការនេះ។
គណៈកម្មាធិការតែងធ្វើការប្រជុំរៀងរាល់ ៤ឆ្នាំម្ដង តាំងពីឆ្នាំ២០១០មក ខណៈឆ្នាំ២០២២ មានការអាក់ខានដោយសារជំងឺកូវីដ-១៩។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការទន្លេមេគង្គនៅថ្ងៃនេះបានអនុម័តលើសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍លើចំណុចសំខាន់ៗមួយចំនួនដូចជា ការរួមចំណែកជាបន្តបន្ទាប់របស់មេដឹកនាំនៃប្រទេសមេគង្គ ដល់កិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាព និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិក និងជាមួយដៃគូនានា។
មេដឹកនាំនៃប្រទេសមេគង្គ បានប្តេជ្ញាខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែម ទៀតនូវតួនាទីរបស់ MRC ក្នុងការជួយធានាឲ្យអាងទន្លេមេគង្គ មានសន្តិសុខទឹក ស្បៀងអាហារ និងថាមពល និងប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ថ្នាក់ដឹកនាំនៃប្រទេសមេគង្គរួមគ្នាគាំទ្រដល់សេចក្តីសម្រេចលើការអភិវឌ្ឍ និងកិច្ចប្រតិបត្តិការ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកាន់តែប្រសើរ ដោយរួមទាំងការលើកកម្ពស់ការគាំទ្រការធ្វើសេចក្តីសម្រេចចិត្តដើម្បីអនុវត្តគ្រប់មុខងារគ្រប់គ្រងអាងទន្លេ មានជាអាទិ៍ ផ្នែកការពិនិត្យតាមដានពាក់ព័ន្ធនឹងទឹកនិងការគ្រប់គ្រងប្រតិបត្តិការអាង រហូតដល់ ផ្នែកការវាយតម្លៃ និងការធ្វើផែនការយុទ្ធសាស្ត្ររយៈពេលវែង។
ប្រទេសនៃសមាជិកគណៈកម្មការទន្លេមេគង្គគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព លើគ្រប់វិស័យទាំងអស់ ដែលពាក់ព័ន្ធនឹងទឹក រួមទាំងផ្នែកវារីអគ្គិសនី ធារាសាស្ត្រ នាវាចរណ៍ និងផ្នែកផ្សេងទៀត និងថាការផ្តល់សន្តិសុខទឹក ដើម្បីការពារសង្គម ពីហានីភ័យទឹកជាពិសេសគ្រោះទឹកជំនន់ និងភាពរាំងស្ងួត។
តែយ៉ាងណាការអភិវឌ្ឍ វាក៏អាចផ្តល់ផលប៉ះពាល់ ដែលតម្រូវឲ្យមានការដោះស្រាយរួមគ្នាលើផ្នែកបរិស្ថាន និងសហគមន៍ដែលងាយរងគ្រោះក្នុងអាងផងដែរ។ ជាពិសេសនៅពេល ដែលមានបច្ច័យបន្ថែមកើតចេញពីការប្រែប្រួលអាកាសធាតុ មានដូចជា គ្រោះទឹកជំនន់និងភាពរាំងស្ងួតធ្ងន់ធ្ងរ ការហូរច្រោះនិងកំណកកករល្បាប់ ផលប៉ះពាល់នៃការប្រែប្រួលយ៉ាងរហ័សនៃកម្រិតកម្ពស់និង រំហូរទឹកទន្លេនៅក្នុងផ្នែកខ្លះនៃអា និងការធ្លាក់ចុះនៃធនធានបរិស្ថាននិងជលផលដោយរួមទាំងដោយសារការបាត់បង់នៃការតភា្ជប់គ្នា៕