ឡាវ៖ ប្រមុខរដ្ឋាភិបាលនៃប្រទេសមេគង្គ និងតំណាងជាន់ខ្ពស់នៃប្រទេសដៃគូអភិវឌ្ឍន៍នានា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ-ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព» នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។ មុនកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំនៃប្រទេសមេគង្គបានអញ្ជើញធ្វើកិច្ចប្រជុំចង្អៀតមួយ។
កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ វៀតណាម និងប្រតិភូតំណាងជាន់ខ្ពស់មកពីប្រទេសថៃ មីយ៉ាន់ម៉ា ចិន រួមទាំងតំណាងដៃគូ នៃប្រទេសអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គ។
នាកិច្ចប្រជុំកំពូលនេះ មេដឹកនាំនៃប្រទេសមេគង្គ បានអនុម័តលើសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍លើចំណុចសំខាន់ៗមួយចំនួនដូចជា ការរួមចំណែកជាបន្តបន្ទាប់របស់មេដឹកនាំនៃប្រទេសមេគង្គ ដល់កិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាព និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិក និងជាមួយដៃគូនានា។
មេដឹកនាំនៃប្រទេសមេគង្គ បានប្តេជ្ញាខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែម ទៀតនូវតួនាទីរបស់ MRC ក្នុងការជួយធានាឲ្យអាងទន្លេមេគង្គ មានសន្តិសុខទឹក ស្បៀងអាហារ និងថាមពល និងប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ថ្នាក់ដឹកនាំនៃប្រទេសមេគង្គរួមគ្នាគាំទ្រដល់សេចក្តីសម្រេចលើការអភិវឌ្ឍ និងកិច្ចប្រតិបត្តិការ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកាន់តែប្រសើរ ដោយរួមទាំងការលើកកម្ពស់ការគាំទ្រការធ្វើសេចក្តីសម្រេចចិត្តដើម្បីអនុវត្តគ្រប់មុខងារគ្រប់គ្រង អាងទន្លេ មានជាអាទិ៍ ផ្នែកការពិនិត្យតាមដានពាក់ព័ន្ធនឹងទឹកនិងការគ្រប់គ្រងប្រតិបត្តិការអាង រហូតដល់ ផ្នែកការវាយតម្លៃ និងការធ្វើផែនការយុទ្ធសាស្ត្ររយៈពេលវែង។
ប្រទេសនៃសមាជិកគណៈកម្មការទន្លេមេគង្គគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព លើគ្រប់វិស័យទាំងអស់ ដែលពាក់ព័ន្ធនឹងទឹក រួមទាំងផ្នែក វារីអគ្គិសនី ធារាសាស្ត្រ នាវាចរណ៍ និងផ្នែកផ្សេងទៀត និងថាការផ្តល់សន្តិសុខទឹក ដើម្បីការពារសង្គម ពីហានីភ័យទឹកជាពិសេសគ្រោះទឹកជំនន់ និងភាពរាំងស្ងួត។
តែយ៉ាងណាការអភិវឌ្ឍ វាក៏អាចផ្តល់ផលប៉ះពាល់ ដែលតម្រូវឲ្យមានការដោះស្រាយរួមគ្នាលើផ្នែកបរិស្ថាន និងសហគមន៍ដែលងាយរងគ្រោះក្នុងអាងផងដែរ។ ជាពិសេសនៅពេល ដែលមានបច្ច័យបន្ថែមកើតចេញពីការប្រែប្រួលអាកាសធាតុ មានដូចជា គ្រោះទឹកជំនន់និងភាពរាំងស្ងួតធ្ងន់ធ្ងរ ការហូរច្រោះនិងកំណកកករល្បាប់ ផលប៉ះពាល់នៃការប្រែប្រួលយ៉ាងរហ័សនៃកម្រិតកម្ពស់និង រំហូរទឹកទន្លេនៅក្នុងផ្នែកខ្លះនៃអា និងការធ្លាក់ចុះនៃធនធានបរិស្ថាននិងជលផលដោយរួមទាំងដោយសារការបាត់បង់នៃការតភា្ជប់គ្នា៕