
សម្តេច ទៀ បាញ់៖ សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន បង្ហាញឲ្យកាន់តែច្បាស់ថាមិត្តភាពមិនអាចបំបែកបំបាក់ទេ
កំពង់ឆ្នាំង៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននាពេលនេះ គឺបានបង្ហាញដល់ពិភពលោកឲ្យកាន់តែច្បាស់បន្ថែមទៀតថា «មិត្តដែកថែប» រវាងកម្ពុជា-ចិនមិនអាចបំបែកបំបាក់បាននោះឡើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងបែបនេះក្នុងពិធីបិទសមយុទ្ធនាគមាសកម្ពុជា-ចិន ២០២៣ ធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ប្រតិបត្តិការការពារ សន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
សម្តេចពិជ័យបានគូសបញ្ជាក់ថា សមយុទ្ធនេះពិតជាមានសារៈសំខាន់ជាយុទ្ធសាស្រ្ត នៃទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពចាំបាច់ថែមទៀតនៅក្នុងបរិបទនៃការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ និងស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ មិនថាស្ថានភាពអន្តរជាតិមានការផ្លាស់ប្ដូរយ៉ាងណា ក៏ប្រទេសទាំងពីរនឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ «មិត្តភាពដែកថែប» យ៉ាងជិតស្និទ្ធ និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាក់ស្ដែង ឈ្នះ ឈ្នះ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសំដៅជម្រុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
ជាមួយគ្នានេះ សម្តេចពិជ័យសេនាបានថ្លែងឱ្យដឹងថា សមយុទ្ធ «នាគមាសឆ្នាំ២០២៣» រវាងកងទ័ពកម្ពុជា និងចិនលើកទី៥នេះ បានផ្តល់ឱកាសដល់កងទ័ពទាំងពីរទទួលបានការផ្លាស់ប្តូរបន្ថែម នូវចំណេះដឹងបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា កាន់តែជិតស្និទ្ធថែមទៀតសម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក។
សម្តេចក៏បានលើកឡើងបន្ថែមថា សមិទ្ធផលដែលសម្រេចបានពីការធ្វើសមយុទ្ធរួមគ្នាលើកទី៥នេះ គឺស្របពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរបានប្រកាសបើកព្រឹត្តិការណ៍ «ឆ្នាំមិត្តភាពកម្ពុជា-ចិន» ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពឆ្ពោះទៅយុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន។
គួរឱ្យដឹងដែរថា សមយុទ្ធនាគមាសឆ្នាំ២០២៣ លើកទី៥នេះ ដំណើរការរយៈពេល២០ថ្ងៃ ដោយមានកម្លាំងចូលរួមចំនួន ២ ៨៣១នាក់ ក្នុងនោះកងយោធពលខេមរភូមិន្ទ ២ ៧៧៤នាក់ និងកងទ័ពរំដោះប្រជាជនចិន ២៥៧នាក់៕