ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កាកបាទក្រហមកម្ពុជារៀបចំអាហារសាមគ្គីដល់ជនងាយរងគ្រោះក្នុងមណ្ឌលព្រៃស្ពឺ

ភ្នំពេញ៖ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បានចុះសួរសុខទុក្ខ នាំយកអំណោយ និងរៀបចំអាហារសាមគ្គីមួយពេលដល់ជនងាយរងគ្រោះបំផុតរួមមាន ជនអនាថា ទុរគតជន អ្នកដែលត្រូវក្រុមគ្រួសារបោះបង់ចោល និងជនវិបល្លាសស្មារតីចំនួន ៩០នាក់ និងបុគ្គលិក គ្រូពេទ្យ ចំនួន ៦៤នាក់ នៃមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ។

លោកស្រីបានបញ្ជាក់ដឹងថា នេះគឺជាលើកទី៤ហើយ ដែលកាកបាទក្រហមកម្ពុជា បានចុះមកដល់មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ជាមួយនឹងការរៀបចំអាហារសាមគ្គីមួយពេលនេះ និងបាននាំយកនូវសម្ភារ ប្រើប្រាស់ដែលជាតម្រូវការ និងសំណូមពររបស់មជ្ឈមណ្ឌល ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីមានសុខភាពល្អ ម្ហូបអាហារបានគ្រប់គ្រាន់ និងជួយខាងផ្នែក ផ្លូវចិត្តដល់ជនងាយរងគ្រោះទាំងអស់ ដោយមិនមាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។ សកម្មភាពថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងពីការងារបរិយាបន្នសង្គម ដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើដោយផ្តោតលើជនងាយរងគ្រោះបំផុតទាំងនេះផងដែរ។

ជាមួយគ្នានោះ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី បានឱ្យដឹងថា មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ មានតួនាទីក្នុងការទទួល-ផ្តល់សេវាស្នាក់នៅបណ្តោះអាសន្នប្រកបដោយសុវត្ថិភាព គ្មានការរើសអើងដល់ជនរងគ្រោះ និងជនងាយរងគ្រោះ (ជនវ័យចាស់ជរាគ្មានទីពឹង ទុរគតជន ជនអនាថា ជនមានសតិមិនប្រក្រតី (វិបល្លាស) ជនពិការគ្មានទីពឹង ជនស្មូមទាន ស្រ្តីរកស៊ីផ្លូវភេទគ្មានសុវត្ថិភាព ស្ត្រីរងគ្រោះដោយអំពើជួញដូរផ្លូវភេទ ជួញដូរពលកម្មដែល បានបញ្ជូនមកពីតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យពួកគេទទួលបាននូវកិច្ចការពារ និងស្វែងរកក្រុមគ្រួសារ អាណាព្យាបាល បងប្អូន សាច់ញាតិ ឱ្យមក ទទួលត្រឡប់ទៅវិញ។

ប្រធានមន្ទីររូបនេះបានឱ្យដឹងទៀតថា មជ្ឈមណ្ឌលបានផ្តល់នូវសេវាចាំបាច់ដំបូងសម្រាប់ជនរងគ្រោះ ដែលចូលមកស្នាក់នៅបណ្តោះអាសន្នរួមមាន ការផ្តល់អាហារមួយថ្ងៃ ៣ពេល និងបង្អែម ១ដងក្នុង ១សប្តាហ៍ ផ្តល់ការថែទាំសុខភាព ដោយមានក្រុមគ្រូពេទ្យប្រចាំការ នៅប៉ុស្តិ៍សុខភាពក្នុងមណ្ឌល ផ្តល់ការអប់រំស្តារសម្បទា និងបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈរយៈពេលខ្លី បំណិនជីវិត ប្រកាសស្វែងរកគ្រួសារ សាច់ញាតិ បងប្អូន ឬអាណាព្យាបាលមកទទួលត្រឡប់ទៅវិញ និងការពិគ្រោះយោបល់ សម្របសម្រួលបញ្ជូនទៅអង្គការដៃគូ សម្រាប់ផ្តល់ការអភិវឌ្ឍជនរងគ្រោះ។

គួរឱ្យដឹងដែរថា កាកបាទក្រហមកម្ពុជាបានឧបត្ថម្ភដល់មជ្ឈមណ្ឌលសំចតសង្គម កិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) នូវថវិកាចំនួន ១០លានរៀល ដោយឧបត្ថម្ភដល់ជនងាយរងគ្រោះទាំង ៩០នាក់ ក្នុងម្នាក់ៗទទួលបានខោអាវ ស្បែកជើង ១ឈុត សាប៊ូ ថ្នាំដុសធ្មេញ និងថវិកា ១ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់បុគ្គលិក-គ្រូពេទ្យ ៦៤នាក់ ក្នុងម្នាក់ៗទទួលបាន សាប៊ូដុសខ្លួន សាប៊ូកក់សក់ និងថវិកា ៥ម៉ឺនរៀលផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក