ញ៉ូយ៉ក៖ អតីតប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងហែកក្ដេរិ៍ខ្ទេចពីការប្រើប្រាស់ប្រព័ន្ធច្បាប់ដើម្បីរារាំងលោកប្រជែងដំណែងប្រធានាធិបតីជាមួយលោក ចូបៃឌិន និងបានលើកឡើងពីភាពលំអៀងនៃអាជ្ញាធរស៊ើបអង្កេតរបស់អាមេរិកដែលហាក់មានគោលដៅសំដៅតែលើក្រុមមនុស្សមកពីបក្សសាធារណរដ្ឋ។
ថ្លែងន្ទាប់ពីចូលសវនាការនៅទីក្រុងញ៉ូវយក ល្ងាចថ្ងៃទី៤ ខែមេសា នៅ Mar-a-Lago សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា សូម្បីតែតុលាការអាមេរិកលោក Alvin Bragg ក៏បង្ហាញជំហរជាសាធារណៈមិនគាំទ្រលោកដូណាល់ត្រាំ ខណៈក្រុមសារធារណរដ្ឋត្រូវបាន FBI តាមយីយាមិនឈប់ឈរ។
លោកបានបន្ថែមថាការព័ទ្ធ និងសំរុកចូលផ្ទះរបស់លោកនៅ Mar-a-Lago បានធ្វើឡើងដោយបំពានលើលោក ខណៈឯកសាររបស់ចូបៃឌិនកាលជាអនុប្រធានាធិបតីមិនត្រូវបានក្រុម FBI តាមរករឿងដូចលោកនោះទេ។ លោកក៏បានលើកឡើងពីករណីលុប Email ជាង ៣ម៉ឺន Email របស់លោកស្រី Hilary Clinton ផងដែរតែភ្នាក់ងារស៊ើបអង្កេតដូចមិនសូវយកចិត្តទុកដាក់។
លោកជំរុញដល់ FBI ឱ្យស៊ើបអង្កេតករណីលោក ចូ បៃឌិន និងលោកស្រី Hilary Clinton ផងដែរ។
អតីតប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិករូបនេះបានមើលឃើញផងដែរថាប្រព័ន្ធច្បាប់នៅអាមេរិកគឺដូចគ្នាទៅនឹង ប្រទេសកម្មុយនីស្តអតីតសហភាពសូវៀត ដែលពេលដឹងថាខ្លួនមិនអាចឈ្នះតាមសន្លឹកឆ្នោតគឺប្រើប្រាស់ប្រព័ន្ធច្បាប់ដើម្បីរារាំងដៃគូរបស់ខ្លួន។
បើទោះបីជាមិនចោទចំថាករណីរបស់លោកមានអ្នកណានៅពីក្រោយ តែលោក ដូណាល់ត្រាំ បានលើកឡើងថាពេលនេះអាមេរិកកំពុងស្ថិតក្នុងភាពរញ៉េរញ៉ៃដោះបញ្ហាខ្លួនមិនរួច ខណៈ ចិន រុស្ស៊ី អេរ៉ង់ កូរ៉េខាងជើង បានចូលរួមជាមួយគ្នាដែលជាការគំរាមកំហែងមួយដល់ប្រទេសមហាអំណាចមួយនេះ។
លោកថា៖ «មិនគួរឱ្យជឿទេ ឥឡូវនេះយើងជាប្រទេសដែលបរាជ័យ។ យើងជាជាតិមួយដែលធ្លាក់ចុះ»។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo លោកត្រាំត្រូវបានចោទប្រកាន់លើបទល្មើសចំនួន៣៤ ជុំវិញការចោទប្រកាន់ថាបានបង់ប្រាក់ចំនួន ១៣ម៉ឺនដុល្លារដល់ លោកស្រី Stormy Daniels ដើម្បីបញ្ឈប់នាងពីការផ្សព្វផ្សាយជាសាធារណៈអំពីទំនាក់ទំនងស្នេហាជាមួយគាត់។
នៅអាមេរិកការផ្តល់ប្រាក់ទៅឲ្យបុគ្គលណាម្នាក់មិនមែនជារឿងខុសច្បាប់នោះទេ។ ប៉ុន្តែក្នុងករណីរបស់លោកដូណាល់ ត្រាំ គណៈវិនិច្ឆ័យរបស់តុលាការរកឃើញថា លោកបានក្លែងបន្លំឯកសារក្រុមហ៊ុនដែលជាបទល្មើសព្រហ្មទណ្ឌ ដោយសារទឹកប្រាក់ ១៣ម៉ឺនដុល្លារនោះត្រូវបានចុះក្នុងបញ្ជីចំណាយសម្រាប់ដំណើរការផ្លូវច្បាប់របស់ក្រុមហ៊ុនរបស់លោក មិនមែនជាមុខចំណាយសម្រាប់ការឃោសនាបោះឆ្នោតប្រធានាធិបតី។
លោកត្រាំមិនមានមានតែមួយករណីនេះទេ ខណៈករណីផ្សេងទៀតដែលកំពុងស៊ើបអង្កេតដូចជាសំណុំរឿងសម្រុកចូលវិមានកាពីតូល ការលួចលាក់ឯកសារសម្ងាត់ និងសំណុំរឿងការដាក់សម្ពោធឱ្យរដ្ឋ Georgia ឱ្យកែលទ្ធផលឆ្នោតជាដើម ដែលនឹងអាចរារាំងលោកជាប្រធានាធិបតីអាមេរិកជាថ្មីបាន៕