ញ៉ូវយ៉ក៖ អតីតប្រធានាធិបតីទី៤៥ របស់អាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកពេលនេះរញ៉េរញ៉ៃណាស់ សេដ្ឋកិច្ចក៏ធ្លាក់ចុះ អតិផរណាមិនអាចព័ណ៌នាបាន ជាងនេះទៅទៀតឥទ្ធិពលលើឆាកអន្តរជាតិកាន់ខ្សោយខណៈ រុស្ស៊ី និងចិនកាន់ស្អិតរមួតដោយសារកំហុសរបស់លោក បៃឌិន។
ថ្លែងបន្ទាប់ពីចូលសវនាការនៅទីក្រុងញ៉ូយក ល្ងាចថ្ងៃទី៤ ខែមេសា នៅអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ពេលដែលអាមេរិកកំពុងមានវិបត្តិក្នុងប្រទេស ងាកទៅ ចិន រុស្សី អ៊ីរ៉ង់ និងកូរ៉េខាងជើងឯណោះវិញ បានរួមដៃគ្នាជាសម្ព័ន្ធមិត្តដែលជាសញ្ញាគំរាមកំហែងមួយ ហើយរឿងទាំងនេះនឹងមិនអាចកើតឡើងទេប្រសិនជាលោកនៅជាប្រធានាធិបតី។
លោកបន្ថែមទៀតថា៖ «សេដ្ឋកិច្ចរបស់យើងកំពុងគាំង ហើយលែងជាស្តង់ដារពិភពលោកទៀតហើយ ដែលនឹងក្លាយជាការបរាជ័យដ៏ធំបំផុតក្នុងរយៈពេល ២០០ឆ្នាំមកនេះ»។
ខណៈដែលលោកកំពុងព្យាយាមត្រលប់ជាប្រធានាធិបតីអាមេរិកជាថ្មីវិញ លោកបានស្នើដល់ប្រជាពលរដ្ឋអាមេរិកចូលរួមដើម្បីកុំឱ្យប្រទេសដែលធ្លាប់ជាមហាអំណាចអស្ចារ្យមួយនេះដួលរលំ៕