
រដ្ឋមន្រ្តីយុត្តិធម៌ប្រជុំពិនិត្យនិងសម្រេចបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថយនិងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យវិសាខបូជា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៣។
លោក កើត រិទ្ធ ដឹកនាំកិច្ចប្រជុំនេះដោយមានការចូលរួមពីអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធផងដែរ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានឱ្យដឹងថា អង្គប្រជុំបានពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសមានចំនួនសរុប ៦៦៨នាក់ ក្នុងនោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានចំនួន ៣៤៥នាក់ និងទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យវិសាខបូជាមានចំនួន ៣២៣នាក់។
គួរឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ២០២១ មកកម្ពុជាកំណត់ការបន្ធូរបន្ថយ និងការលើកលែងទោសចំពោះទណ្ឌិតត្រូវកំណត់អាចស្នើសុំ ៥ដងក្នុងមួយឆ្នាំ ដោយធ្វើឡើងនៅក្នុងឱកាសនៃពិធីបុណ្យជាតិ ឬព្រឹត្ដិការណ៍ធំៗដូចជា ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (២) ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕