អន្តរជាតិ៖ អត្តពលិកតេក្វាន់ដូរុស្ស៊ី និងបេឡារុស្ស គ្រោងនឹងចូលរួមប្រកួតជើងឯកពិភពលោកនៅខែក្រោយ បន្ទាប់ពីស្ថាប័នគ្រប់គ្រងកីឡាពិភពលោកបាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យអត្តពលិកទាំងនេះត្រឡប់មកវិញក្នុងនាមជាអត្តពលិកអព្យាក្រឹត ដោយអនុវត្តតាមការណែនាំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
IOC បានចេញអនុសាសន៍ណែនាំកាលពីសប្តាហ៍មុនសម្រាប់អត្តពលិកមកពីប្រទេសទាំងពីរឱ្យវិលត្រឡប់ទៅការប្រកួតអន្តរជាតិវិញ បន្ទាប់ពីត្រូវបានហាមឃាត់កាលពីឆ្នាំមុនបន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលទីក្រុងម៉ូស្គូហៅថា "ប្រតិបត្តិការយោធាពិសេស" ។ ក្រៅពីតេក្វាន់ដូ ក៏នៅមានកីឡាមួយចំនួនទៀតដូចជា វាយកូនឃ្លីលើតុ គុនដាវ និងយូដូ គឺជាកីឡាអូឡាំពិកផ្សេងទៀត ដែលបានទទួលស្គាល់អត្តពលិករុស្ស៊ី និងបេឡារុស្សជាអត្តពលិកអព្យាក្រឹតសម្រាប់ការប្រកួតប្រជែង។
សមាគមតេក្វាន់ដូពិភពលោកបាននិយាយថា គណៈកម្មាធិការត្រួតពិនិត្យនឹងត្រួតពិនិត្យដំណើរការផ្ទៀងផ្ទាត់ដើម្បីធានានូវអព្យាក្រឹតភាពយ៉ាងតឹងរឹង នៃអត្តពលិក និងបុគ្គលិកនៃក្រុមការងារប្រកួត បន្ទាប់ពីក្រុមប្រឹក្សាគ្រប់គ្រងរបស់ខ្លួនបានប្រជុំពីចម្ងាយសម្រាប់កិច្ចប្រជុំវិសាមញ្ញមួយកាលពីថ្ងៃចន្ទ ទី៣ ខែមេសា។ ស្ថាប័នតេក្វាន់ដូ WT បាននិយាយថា តេក្វាន់ដូពិភពលោកនឹងបន្តគាំទ្រអត្តពលិកអ៊ុយក្រែនក្នុងការធានាថាពួកគេអាចចូលរួមក្នុងព្រឹត្តិការណ៍កីឡាតេក្វាន់ដូ និងបានអះអាងជាជាថ្មីនូវការអំពាវនាវរបស់ខ្លួនឱ្យមានសន្តិភាព និងសាមគ្គីភាពជាមួយសហគមន៍អូឡាំពិកនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ការប្រកួតជើងឯកពិភពលោកគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះនៅទីក្រុងបាគូ ប្រទេសអាហ្សេបៃហ្សង់៕