ភ្នំពេញ៖ ប្រតិភូកីឡាចំនួនសរុប ១២ ៤០៤នាក់ មកពី ១១ប្រទេស បានចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្នុងនោះប្រតិភូកីឡាម្ចាស់ផ្ទះ កម្ពុជាមានចំនួន ១ ១៥៨នាក់ ដែលត្រូវបានបិទបញ្ចប់ការចុះឈ្មោះកាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅ។
នេះបើតាមការឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC)លោក ថោង ខុន ក្នុងឱកាសទទួលទានអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាជាតិ នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលមហាសន្និបាតនិងពិពណ៌កោះពេជ្រ។
លោក ថោង ខុន បានឱ្យដឹងថាប្រតិភូកីឡាទាំង ១១ប្រទេស ដែលបានចុះឈ្មោះមានចំនួន ១២ ៤០៤នាក់ ក្នុងនោះប្រតិភូកីឡាកម្ពុជាមានចំនួន ១ ១៥៨នាក់ ប្រតិភូកីឡាប៊្រុយណេចំនួន ១១៣នាក់ ប្រតិភូកីឡាឥណ្ឌូនេស៊ីចំនួន ១ ៨០២នាក់ ប្រតិភូកីឡាឡាវចំនួន ៦៥៦នាក់ ប្រតិភូកីឡាម៉ាឡេស៊ីចំនួន ១ ៥៣២នាក់ ប្រតិភូកីឡាមីយ៉ាន់ម៉ាចំនួន ៦៩៤នាក់ ប្រតិភូកីឡាហ្វីលីពីនចំនួន ១ ៣៤២នាក់ ប្រតិភូកីឡាសឹង្ហបូរី ចំនួន ១ ២២៨នាក់ ប្រតិភូកីឡាថៃ ចំនួន ១ ៩៨៥នាក់ ប្រតិភូកីឡាទីម័រខាងកើត ចំនួន ១៧១នាក់ និងប្រតិភូកីឡាវៀតណាម ចំនួន ១៦៦៣នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានបញ្ជាក់ថា ចំពោះការស្នាក់នៅ ហូបចុក និងដឹកជញ្ជូនតាមគម្រោងផែនការដែលបានគិតគូរៀបចំទុកជាមុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រជុំកំណត់រួចមកហើយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងមកដោយសម្រេចរៀបចំឱ្យប្រតិភូកីឡាប្រមាណជាង ៣ ៥០០នាក់ ត្រូវស្នាក់នៅ-ហូបចុកក្នុងភូមិកីឡា។
ដោយឡែកប្រតិភូកីឡាជាង ២ ០០០នាក់ត្រូវបានរៀបចំរួចរាល់ឱ្យស្នាក់នៅ-ហូបចុកតាមសណ្ឋាគារមួយចំនួនកម្រិតចាប់ពីផ្កាយ ៤ឡើង ដែលនៅជិតទីតាំងប្រកួត។ រីឯប្រតិភូកីឡាប្រមាណជាង ២ ០០០នាក់ទៀត ដែលត្រូវប្រកួតនៅតាមខេត្តទាំង៤ ក៏ត្រូវបានរៀបចំការស្នាក់នៅ-ហូបចុកតាមសណ្ឋាគារល្អៗ ដែលបានកំណត់យ៉ាងហ្មត់ចត់ និងរៀបចំរួចរាល់ផងដែរ។
លោក ថោង ខុន បានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ប្រភេទកីឡា ៣៧ ដែលមានវិញ្ញាសាប្រកួត ៥៨១ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ និងប្រភេទកីឡា ១៣ ដែលមានវិញ្ញាសាប្រកួត ៤៣១ ត្រូវបានអនុម័តដោយសហព័ន្ធកីឡាជនពិការអាស៊ាន ខណៈទីលានប្រកួត និងកម្មវិធីប្រកួតក៏បានកំណត់រួចរាល់ផងដែរ។
គួរឱ្យដឹងដែរថា ទីតាំងប្រកួតនៅរាជធានីភ្នំពេញមាន៣ទីតាំងធំៗ និងទីតាំងតូចៗមួយចំនួន រួមមានពហុកីឡដ្ឋានជាតិមរតកតេជោរៀបចំពិធីបើក-ពិធីបិទផ្លូវការ និងប្រកួតកីឡាចំនួន ៩ប្រភេទកីឡា និង ពហុកីឡដ្ឋានជាតិអូឡាំពិក១០ប្រភេទកីឡា រួមទាំងមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍អន្តរជាតិជ្រោយចង្វារ “OCIC ១៣ ប្រភេទកីឡា សម្រាប់កីឡាមួយចំនួនទៀតរៀបចំនៅទីតាំងដែលនៅជិតសណ្ឋាគារប្រតិភូកីឡាស្នាក់នៅ៕