ម៉ាឡេស៊ី៖ សភាម៉ាឡេស៊ីនៅថ្ងៃចន្ទ ទី០៣ ខែមេសានេះ បានអនុម័តលើកំណែទម្រង់វិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងទោសប្រហារជីវិត ដែលរួមមានការលុបចោលនូវទោសប្រហារជីវិតជាកាតព្វកិច្ច ការកាត់បន្ថយចំនួនបទល្មើសដែលត្រូវផ្តន្ទាទោសប្រហារជីវិត និងលុបចោលការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត។ គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីបានផ្អាកការដាក់ទោសប្រហារជីវិតចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលប្រទេសកាន់សាសនាមូស្លីមធំមួយនៅតំបន់អាស៊ីអាគ្នេយ៍នេះបានសន្យាជាលើកដំបូងថានឹងលុបចោលការដាក់ទណ្ឌកម្មនេះទាំងស្រុង។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលបានប្រឈមមុខនឹងសម្ពាធនយោបាយពីគណបក្សមួយចំនួន ហើយក្រោយមកក៏បានច្រានចោលការសន្យានេះ ពោលគឺត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដោយបាននិយាយថាម៉ាឡេស៊ីននឹងនៅតែរក្សាទោសប្រហារជីវិតដដែល ប៉ុន្តែអនុញ្ញាតឱ្យតុលាការជំនួសទោសប្រហារជីវិតនេះដោយទណ្ឌកម្មផ្សេងទៀតតាមឆន្ទានុសិទ្ធិរបស់ខ្លួន។ នៅក្រោមវិសោធនកម្មដែលបានអនុម័តកាលពីថ្ងៃច័ន្ទ ជម្រើសដែលអាចជំនួសការដាក់ទោសប្រហារជីវិតបានរួមមាន ការដាក់ទោសពន្ធនាគារ ៣០-៤០ឆ្នាំ ជាដើម ខណៈការកំណត់រយៈពេលជាក់លាក់នៃការផ្តន្ទាទោសដាក់ពន្ធនាគារ នឹងត្រូវបានយកមកប្រើជំនួសឱ្យការប្រកាសទោសពន្ធនាគារមួយជីវិត។
ទោសដាក់ពន្ធនាគារអស់មួយជីវិត ដែលកំណត់ដោយច្បាប់ម៉ាឡេស៊ី ជារយៈពេលកំណត់ ៣០ឆ្នាំ នឹងត្រូវរក្សាទុកដដែល។ ដោយឡែក ទោសប្រហារជីវិតក៏នឹងត្រូវដកចេញផងដែរចំពោះឧក្រិដ្ឋកម្មមួយចំនួនដែលមិនបណ្ដាលឱ្យប៉ះពាល់ដល់ជីវិតមនុស្សដែលរួមមាន ការជួញដូរអាវុធ ឬការចាប់ជំរិតជាដើម។ វិសោធនកម្មច្បាប់នេះនឹងផ្តល់ឱ្យចៅក្រមមានឆន្ទានុសិទ្ធិនៅពេលកាត់ទោសជនជាប់ចោទដែលបានប្រព្រឹត្តបទល្មើសដែលតម្រូវឱ្យមានទោសប្រហារជីវិត។
វិសោធនកម្មដែលអនុម័តនឹងអនុវត្តចំពោះបទល្មើសចំនួន ៣៤ ដែលត្រូវផ្តន្ទាទោសប្រហារជីវិតក្នុងនោះរួមមានឃាតកម្ម និងការជួញដូរគ្រឿងញៀន ដែលក្នុងបទល្មើសទាំង ៣៤នោះ មានចំនួន១១បទល្មើសច្បាប់តម្រូវដាច់ខាតឱ្យមានការដាក់ទោសប្រហារជីវិត។ អនុរដ្ឋមន្ត្រីក្រសួងច្បាប់ លោក Ramkarpal Singh បាននិយាយថា ទោសប្រហារជីវិត គឺជាការដាក់ទណ្ឌកម្មដែលមិនអាចធ្វើសម្បទានត្រឡប់វិញបាន ដែលមិនមែនជាការរារាំងដ៏មានប្រសិទ្ធភាពសម្រាប់ទប់ស្កាត់ឧក្រិដ្ឋកម្មនោះទេ។
គួរបញ្ជាក់ថា សេចក្តីព្រាងវិសោធនកម្មច្បាប់នេះតម្រូវឱ្យមានការអនុម័តដោយសភាជាន់ខ្ពស់់របស់ម៉ាឡេស៊ីជាមុនសិន មុននឹងថ្វាយទៅកាន់ព្រះមហាក្សត្រដើម្បីអនុម័ត និងប្រកាសជាផ្លូវការ។ ប្រភពពីសារព័ត៌មានម៉ាឡេស៊ីមួយចំនួនបានឱ្យដឹងថា ប្រសិនបើវិសោធនកម្មនេះត្រូវបានអនុម័ត មនុស្សចំនួនជាង ១,៣០០នាក់ ដែលកំពុងស្ថិតក្នុងបទល្មើសដែលត្រូវកំណត់ឱ្យផ្តន្ទាទោសប្រហារជីវិតអាចស្នើឱ្យមានការវិនិច្ឆ័យឡើងវិញដោយតុលាការនៃរដ្ឋសហព័ន្ធ៕