ភ្នំពេញ៖ មន្ត្រីជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិឡាវ និងវៀតណាម ករណីជួញដូរគ្រឿងញៀនឆ្លងដែន និងរឹបអូសគ្រឿងញៀនជាង ៤០គីឡូក្រាម។
កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចចំណតរថយន្ត ផ្សារទំនើប អ៊ីអនមល៣ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដោយម្នាក់ ភេទប្រុស កើតនៅឆ្នាំ១៩៨៧ ជនជាតិឡាវ និង ម្នាក់ទៀត ជាជនជាតិវៀតណាម ភេទប្រុស កើតនៅឆ្នាំ១៩៨៧ ដោយចាប់យកវត្ថុតាងរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៤០ ៥៣០,៤០គីឡូក្រាម និង រថយន្ត ១គ្រឿងពណ៌ស ម៉ាក High Lander។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕