សម្តេច ស ខេង៖ ការដកកម្ពុជាពីបញ្ជីប្រផេះនៃការលាងលុយកខ្វក់ មានតម្លៃស្មើនឹងផ្នែកមួយនៃអាយុជីវិតជាតិ
ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ មហាសន្និបាត FATF នៅទីក្រុងបារីសនៃប្រទេសបារាំង បានអនុម័ត ដកកម្ពុជាចេញពីបញ្ជីប្រផេះនៃការលាងលុយកខ្វក់ជាផ្លូវការ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការដកកម្ពុជាចេញពីបញ្ជីប្រផេះនេះ មានតម្លៃស្មើនឹងផ្នែកមួយនៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីចំណុះនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម (គ.ស.ហ) ដែលបានខិតខំប្រឹងប្រែងដោយទទួលបាននូវសមិទ្ធផលការងារដ៏ល្អ ឈានដល់កម្ពុជាត្រូវបានដកចេញពីបញ្ចីប្រផេះនៃការលាងលុយកខ្វក់។
សម្ដេចក្រឡាហោម បានកត់សម្គាល់ថា ក្នុងរយៈពេល ២ឆ្នាំកន្លងមក ថ្វីដ្បិតកម្ពុជាប្រឈមនឹងផលប៉ះពាល់នានាដែលបង្កឡើងដោយសារជំងឺកូវីដ-១៩ និងមានការមមាញឹកនឹងភារកិច្ចសំខាន់ៗនានា ក៏ថ្នាក់ដឹកនាំចំណុះគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម បានខិតខំបំពេញការងារយ៉ាងល្អប្រសើរ។
តែយ៉ាងណា សម្តេចក្រឡាហោម បានប្រាប់ទៅគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ក៏ត្រូវតែបន្តការប្ដេជ្ញាចិត្តរក្សាឱ្យបានស្ថានភាពល្អប្រសើរ តាមរយៈការរួមគ្នាបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវ។
សម្ដេចក្រឡាហោម កន្លងមកធ្លាប់បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងនគរបាលយុត្តិធម៌ ត្រូវចូលរួមលុបបំបាត់បទល្មើសលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ ប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ការផលិតនិងចែកចាយគ្រឿងញៀន និងការលេងល្បែងស៊ីសងគ្រប់ប្រភេទជាដើម៕