សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីចំនួន២ ត្រូវបានដាក់ឱ្យសម្ពោធប្រើប្រាស់ជាផ្លូវការ

ត្បូងឃ្មុំ៖ អគារនៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីចំនួន២ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ត្រូវបានដាក់ឱ្យសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងនៅមុខសម្តេចតេជោថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង៧ នៅខេត្តត្បូងឃ្មុំ ដែលសាងសង់ក្នុងទំហំដី ១៩ ៤០២ម៉ែត្រការ៉េ។ បើតាមលោក ម៉ម ប៊ុនហេង មន្ទីរពេទ្យមួយនេះនឹងក្លាយជាមន្ទីរពេទ្យដែលមានបរិក្ខារពេទ្យដ៏ទំនើប។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា គម្រោងអគារថ្មីទី១ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបើកការដ្ឋានសាងសង់នៅទំហំ ១៨ម៉ែត្រ គុណនឹង ៦២ម៉ែត្រ មានកម្ពស់ ៤ជាន់ បើកការដ្ឋានសាងសង់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មានបន្ទប់ពិនិត្យសុខភាពទូទៅ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់វះកាត់ បន្ទប់សម្រាកព្យាបាល បន្ទប់ពិសោធន៍វេជ្ជសាស្ត្រ និងបន្ទប់ X-Ray។

ចំណែកអាគារថ្មីទី២ មានទំហំ ១៨ម៉ែត្រគុណនឹង ៦២ម៉ែត្រ មានកម្ពស់ ៤ជាន់ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ មានបន្ទប់សង្គ្រោះបន្ទាន់ បន្ទប់វះកាត់ បន្ទប់សម្រាកព្យាបាល បន្ទប់សម្ភព និងរោគស្ត្រី បន្ទប់ព្យាបាលជំងឺកុមារ បន្ទប់ព្យាបាលជំងឺមាត់ធ្មេញ និងបន្ទប់ពិសោធន៍វេជ្ជសាស្ត្រ។ អគារជាន់ទី៣នៃអគារទាំងពីរ មានបន្ទប់សម្រាប់វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យនៅប្រចាំការ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបន្តថា ចំពោះអាគារចាស់ត្រូវបានការកែលម្អជួសជុលឡើងវិញទៅជាអគាររដ្ឋបាល ឃ្លាំងឱសថ ឃ្លាំងសម្ភារបរិក្ខារ និងអាហារដ្ឋាន។ ជាមួយគ្នានេះ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក៏បានទទួលជំនួយឥតសំណងជាបរិក្ខារវេជ្ជសាស្ត្រពីរដ្ឋាភិបាលជប៉ុន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យស្រុកក្រូចឆ្មារបង្កើនសមត្ថភាព យកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺរបស់ពលរដ្ឋ និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក