ត្បូងឃ្មុំ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចភ័យខ្លាំងបំផុតពេលក្នុងកម្មវិធីមានការចាក់ភ្លេងគោរពទង់ជាតិ ព្រោះសម្ដេចធ្លាប់មានបទពិសោធន៍ដែលថាជារឿងអស់សំណើចក៏ថាបានមួយ។
ថ្លែងក្នុងពិធីសម្ពោធមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីប្រវត្តិដែលសម្ដេចចុះមកកាន់ស្រុកក្រូចឆ្មារក្នុងឆ្នាំ១៩៨២ ពេលនោះកម្មវិធីពេលព្រឹកដល់ពេលចាក់ភ្លេងជាតិបែរជាឮបទចម្រៀងទៅវិញ។
សម្ដេចតេជោថា៖ «ចាក់គោរពទង់ជាតិគោរពស្រាប់តែឮថា ឱស្នេហ៍មាសបង! (សើច) ពេលហ្នឹងគេចាក់ម៉ាញ៉េ ព្រោះពេលយប់អ្នកយាមគេចាក់ចម្រៀងដល់ព្រឹកឡើងភ្លេចដូរកាសែត»។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរកម្មវិធីសម្ពោធមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដែលសិស្សានុសិស្សច្រៀងចម្រៀងជាតិគោរពទង់ជាតិតែម្ដង។
សម្ដេចតេជោលើកទឹកចិត្តដល់ដល់គ្រប់សាលាទាំងអស់រៀបចំឱ្យមានច្រៀងគោរពទង់ជាតិ ខណៈទាហានប្រជុំជួរគួរធ្វើបែបនេះផងដែរ៕