
ក្រោយពីត្រូវបានស្វាគមន៍ចូលបក្សប្រជាជន លោក សាម អ៉ីន ថ្លែងថា សម្ដេចតេជោមានទឹកចិត្តដូចមហាសមុទ្រ
ភ្នំពេញ៖ លោក សាម អ៉ីន ក្រោយពីត្រូវបានសម្ដេចតេជោស្វាគមន៍ចូលជាសមាជិកគណបក្សប្រជាជន និងគ្រោងស្នើតែងតាំងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានបង្ហោះសារមួយ ដោយលើកឡើងថា «សម្ដេចតេជោមានទឹកចិត្តដូចមហាសមុទ្រ»។
លោក សាម អ៉ីន បានសរសេរនៅលើ facebook របស់លោកនៅល្ងាចថ្ងៃទី២ ខែមេសា ថាលោកមានសេចក្ដីរីករាយចំពោះការទទួលបានឱកាស និងត្រៀមខ្លួនចូលរួមជួយការងារក្រសួងបរិស្ថានឱ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពដែលមាន។
លោកបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងរដ្ឋមន្រ្តីបរិស្ថាន ដែលផ្តល់ឱកាស និងការគាំទ្រចំពោះសំណើររបស់លោក។
លោកសរសេរថា៖ «ខ្ញុំយល់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកមានទឹកចិត្តដូចមហាសមុទ្រ ដែលទឹកអាចហូរចូលពីគ្រប់ច្រកល្ហក ហើយមិនធ្វើឱ្យទឹកសមុទ្រខូចគុណភាពទេ»។
គួរឲ្យដឹងដែរថា ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២ ខែមេសានេះ បានប្រកាសស្វាគមន៍បណ្ឌិត សាម អុីន ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ការស្វាគមន៍នេះគឺបន្ទាប់ពីលោក សាម អ៉ីន បានផ្ញើលិខិតមួយច្បាប់ស្នើសុំចុះចូលជាមួយនឹងគណបក្សប្រជាជននៅល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ។
មុនស្នើសុំចូលបក្សប្រជាជន លោក សាម អ៉ីន មានតួនាទីប្រធានគណៈកម្មាធិការនាយក (ស្តីទី) និងពីសមាជិកភាព គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕