បន្ទាយមានជ័យ៖ ដោយសារភ្លើងប្រចណ្ឌបុរសជាប្តី បានប្រើវត្ថុរឹងចាក់សម្លាប់ប្រពន្ធ ចំដើមទ្រូងបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនគួរឱ្យអាណោចអាធ័ម។ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០២រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
អធិការនគរបាល ស្រុកម៉ាឡៃ លោកវរសេនីយ៍ឯក បេន សំអាត បានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ មិយ ពឿង អាយុ៣៨ឆ្នាំ ចំណែកជនដៃដល់ជាប្តីឈ្មោះ ជា សារ៉ាន់ អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុទាំង០២នាក់ប្តីប្រពន្ធបាននាំគ្នាវិលត្រឡប់ពីធ្វើការនៅប្រទេសថៃ ដើម្បីធ្វើការលែងលះគ្នា នៅសាលាឃុំនៅថ្ងៃចន្ទខាងមុខនេះ ដោយសាររស់នៅមិនចុះសម្រុងគ្នា បុរសជាប្តីតែងតែមានអាការៈប្រច័ណ្ឌប្រពន្ធ (បុរសជាប្តីពីមុនតែងតែប្រើប្រាស់គ្រឿងញៀន)។ ដោយមានកូន២នាក់ ចង់យកទៅចិញ្ចឹមរៀងៗខ្លួន ទើបបង្កជាជម្លោះស្រាប់តែបុរសជាប្តីបានយកវត្ថុរឹងចាក់ទៅលើប្រពន្ធ ត្រូវចំដើមដោះខាងស្តាំ បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម ក្រោយធ្វើសកម្មភាពជនដៃដល់ជាប្តី បានរត់គេចខ្លួន។
លោកវរសេនីយ៍ឯក បេន សំអាត បានបន្ថែម ដោយទទួលបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មិនដល់៤ម៉ោងផង កម្លាំងនគរបាលស្រុកម៉ាឡៃ និងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានសហការស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់ នៅវេលាម៉ោង០៦និង៣៥នាទីយប់ថ្ងៃខែឆ្នាំដ៏ដែល នៅក្នុងបរិវេណវត្តកៅបី ស្ថិតក្នុងភូមិកៅបី ឃុំ អូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បនជនសង្ស័យកំពុងធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី៕