
លោក ហ៊ុន ម៉ាណែត៖ សុខភាព គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព
កំពត៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងថា សុខភាព គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។
លោក ហ៊ុន ម៉ាណែតលើកឡើងបែបនេះក្នុងពិធីសមោ្ពធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព និងអគារផ្ទះអគាររោងបាយ នៃមណ្ឌលសុខភាពមរតក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជុំគិរី ខេត្តកំពត នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។
លោកបានឱ្យដឹងថា ការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់អាទិភាពដល់វិស័យសុខាភិបាល គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតរយៈពេលវែងទៅខាងមុខ ដោយផ្តើមចេញពីគោលគំនិតទាំងនេះ រាជរដ្ឋាភិបាលតែងបានខិតខំជំរុញការអភិវឌ្ឍមូលដ្ឋាននៃប្រព័ន្ធសុខាភិបាល រួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងការបំពាក់ឧបករណ៍បរិក្ខារ ជាដើម ដែលបម្រើឱ្យការផ្តល់សេវាសុខាភិបាលនៅទូទាំងប្រទេស។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មណ្ឌលសុខភាពមរតក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគិរី ដែលបានខិតខំយកចិត្តទុកដាក់រៀបចំដាក់ឱ្យដំណើរការមណ្ឌលសុខភាពមួយនេះ ដើម្បីពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុកជុំគិរី ខេត្តកំពតដោយឥតគិតថ្លៃ ដោយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការថែទាំ និងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
គួរឱ្យដឹងដែរថា កម្ពុជាអាចសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗជាច្រើន ដោយក្នុងនេះស្ថានភាពសុខភាពសាធារណៈត្រូវបានកែលម្អជាលំដាប់ ហើយកម្ពុជាក៏សម្រេចបានមុនកាលកំណត់នូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍រួចមកហើយ ដូចជា៖ ការកាត់បន្ថយអត្រាមរណៈកុមារ ការលើកកម្ពស់សុខភាពមាតា ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺឆ្លងនានា៕