ហ្គាតេម៉ាឡា៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើដំណើរដល់ប្រទេសហ្គាតេម៉ាឡាហើយ ក្នុងដំណើរទស្សនកិច្ចដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តនៅតំបន់អាមេរិកកណ្ដាលមួយនេះ ក្រោយពីលោកស្រីបានឈប់ចូលចតនៅសហរដ្ឋអាមេរិកដែលជាទីនាំឱ្យចិនមានការខឹងសម្បារជាខ្លាំង។
លោកស្រី Tsai នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសហ្គាតេម៉ាឡា និងប្រទេសបេលីស្សដែលជាប្រទេសជាប់នឹងប្រទេសហ្គាតេម៉៉ាឡានៅតំបន់អាមេរិកកណ្ដាលដូចគ្នានេះ ក្រោយពេលដែលប្រទេសហុងឌូរ៉ាសបានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ និងបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសចិនវិញ។
លោកស្រីប្រធានាធិបតីតៃវ៉ាន់បានឈប់ចតនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃដំណើររបស់លោកស្រី ខណៈដែលបានប្រកាសពីផែនការនៃការជួបជជែកជាមួយប្រធានសភាអាមេរិក លោក Kevin McCarthy នៅរដ្ឋកាលីហ្វ័រញ៉ា នៅពេលដែលលោកស្រីបញ្ចប់ទស្សនកិច្ចនៅហ្គាតេម៉ាឡា និងបេលីស្ស ហើយត្រូវហោះហើរត្រឡប់ទៅកាន់តៃវ៉ាន់វិញ។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា គ្មានហេតុផលអ្វីសម្រាប់ប្រទេសចិនដើម្បី មានប្រតិកម្មខ្លាំងក្លា ចំពោះការធ្វើដំណើរបែបធម្មតារបស់ប្រធានាធិបតីតៃវ៉ាន់នោះទេ ខណៈដែលតែទីក្រុងប៉េកាំងបានព្រមានសហរដ្ឋអាមេរិកថាកំពុងតែលេងជាមួយភ្លើងហើយ។
លោកស្រី Tsai បានមកដល់ប្រទេសហ្គាតេម៉ាឡា កាលពីរសៀលថ្ងៃសុក្រ ជាកន្លែងដែលលោកស្រីត្រូវបានទទួលស្វាគមន៍ពីសំណាក់កងកិត្តិយសយោធា និងទទួលបដិសណ្ឋារកិច្ចដោយរដ្ឋមន្ត្រីការបរទេស លោក Mario Bucaro។ លោកស្រីក៏បានជួបជាមួយប្រធានាធិបតីហ្គាតេម៉ាឡា លោក Alejandro Giammattei ផងដែរ ដោយរដ្ឋាភិបាលរបស់លោកធ្លាប់បានប្រកាសយ៉ាងឱឡារិកថា តៃវ៉ាន់គឺជចិនដ៏ពិតប្រាកដ និងតែមួយគត់ ហើយបាននិយាយថា ទំនាក់ទំនងរវាង ហ្គាតេម៉ាឡា និង តៃវ៉ាន់មិនអាចបំបែកបានឡើយ៕