ឥណ្ឌា៖ ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៣នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ទៀតត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បន្ទាប់ពីមានហេតុការណ៍ធ្លាក់ចូលទៅក្នុងអណ្តូងមួយ នៅក្នុងប្រាសាទហិណ្ឌូមួយកន្លែងក្នុងប្រទេសឥណ្ឌា។
ប្រជាជនដែលជាអ្នកថ្វាយបង្គំតាមជំនឿសាសនាចំនួន ២៥នាក់ត្រូវបានបាក់ធ្លាក់ចុះទៅក្នុងកន្លែងស្តុកទឹកមួយ បន្ទាប់ពីជាន់ខាងលើនៃអាងទឹកនេះបានបាក់ស្រុតចុះទៅក្រោម។ គួរឱ្យដឹងថា វិហារដែលបានបាក់នេះស្ថិតនៅចំកណ្ដាលទីក្រុង Indore នៃរដ្ឋ Madhya Pradesh។
ក្រុមប៉ូលិសបានរកឃើញសាកសពអ្នកស្លាប់នៅក្នុងអាងទឹកនេះចំនួន ១១នាក់ ខណៈដែលមនុស្សពីរនាក់ផ្សេងទៀតបានស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ។ នេះបើតាម លោក Narottam Mishra រដ្ឋមន្រ្តីរដ្ឋ Madhya Pradesh បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន។ លោកបានបន្ថែមថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងចំពោះឧបទ្ទវហេតុនេះ ហើយក្រុមគ្រួសារនៃអ្នកស្លាប់នឹងទទួលបានសំណង។
រូបភាពពីទូរទស្សន៍បានបង្ហាញពីបុគ្គលិកសង្គ្រោះបន្ទាន់ជាច្រើននាក់បានព្យាយាមជួយសង្គ្រោះជនរងគ្រោះនៅក្នុងអណ្តូងនៃអាងស្តុកទឹកនោះ ខណៈប៉ូលិសញាប់ដៃញាប់ជើងក្នុងការជួយសង្គ្រោះ និងគ្រប់គ្រងស្ថានការណ៍នៃកន្លែងកើតហេតុដូចគ្នា។ គួរឱ្យដឹងថា វិហារសាសនាជាច្រើននៅក្នុងប្រទេសឥណ្ឌាបានពោរពេញណែនទៅដោយអ្នកគោរពបូជាក្នុងឱកាសនៃពិធីបុណ្យ Ram Navami ដែលជាថ្ងៃកំណើតរបស់អាទិទេព Ram ក្នុងសាសនាហិណ្ឌូ៕