ឥណ្ឌូណេស៊ី៖ សមាគមបាល់ទាត់ពិភពលោក (FIFA) កំពុងពិចារណាចំពោះវិធានការ និងការដាក់ទណ្ឌកម្មទៅលើវិស័យបាល់ទាត់ឥណ្ឌូណេស៊ី បន្ទាប់ពីប្រទេសនេះទើបតែត្រូវបាន FIFA ដកសិទ្ធិជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២០ឆ្នាំពិភពលោក (FIFA U-20 World Cup)។ នេះបើតាមការបញ្ជាក់ពីសំណាក់លោក Erick Thohir នាយកសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI)។
FIFA បានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសឥណ្ឌូនេស៊ី លើអ្វីដែលមន្ត្រី PSSI បាននិយាយថា ជាការខកខានក្នុងការគោរពការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការប្រកួតនេះ បន្ទាប់ពីមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អ្នកនយោបាយមួយចំនួននៅក្នុងប្រទេសដែលកាន់សាសនាឥស្លាមច្រើនជាងគេបង្អស់មួយនេះ អំពីវត្តមាន និងការចូលរួមប្រកួតរបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា FIFA បានចាត់វិធានការភ្លាមៗទៅលើការដកសិទ្ធិរបស់ឥណ្ឌូណេស៊ីក្នុងនាមជាម្ចាស់ផ្ទះ បន្ទាប់ពី PSSI បាននិយាយថាខ្លួនស្នើសុំធ្វើការលុបចោលការចាប់ឆ្នោតបែងចែកពូល ត្បិតរដ្ឋបាលនៃកោះបាលីបានបដិសេធមិនទទួលរៀបចំការប្រកួតរបស់អ៉ីស្រាអែល។ ការសម្រេចរបស់ FIFA នេះបានធ្វើឱ្យមានការខឹងសម្បារ និងខកចិត្តជាខ្លាំងពីសំណាក់អ្នកគាំទ្រ និងកីឡាករនៃប្រទេសធំក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
លោក Erick បានប្រាប់សន្និសីទសារព័ត៌មានថា ការដាក់ទណ្ឌកម្មដ៏តឹងតែងបំផុតរបស់ FIFA អាចនឹងនាំមកនូវការដកសិទ្ធិប្រទេសឥណ្ឌូណេស៊ីពីការប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុតនៃក្របខណ្ឌ FIFA ពោលគឺការប្រកួតប្រជែងក្នុងកម្រិតវគ្គជម្រុះ FIFA World Cup។ យ៉ាងណាមិញ លោកបានបន្តថា៖ «ខ្ញុំកំពុងធ្វើការងារយ៉ាងខ្លាំងក្នុងការចរចាជាថ្មីម្តងទៀតជាមួយ FIFA ដើម្បីជៀសវាងនូវការដាក់ទណ្ឌកម្មណាមួយ»៕