ប៉ារីស៖ ប្រធានាធិបតីប្រទេសបារាំង លោក អេម៉ាញូអ៊ែល ម៉ាក្រុង បានប្រកាសឱ្យគ្រប់វិស័យទាំងអស់មិនថាកសិកម្ម ឧស្សាហកម្ម ទេសចរណ៍កម្សាន្ត ត្រូវរួមគ្នាសន្សំសំចៃទឹកឲ្យបាន ១០% ពីនេះដល់ឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។
ក្រៅពីប្រកាសឱ្យគ្រប់វិស័យទាំងអស់សន្សំសំចៃទឹកហើយ តម្លៃនៃការប្រើប្រាស់ទឹកនឹងត្រូវរៀបចំថ្មីនៅទូទាំងប្រទេសផងដែរ ជាមួយនឹងគោលការណ៍តម្លៃដែលប្រែប្រួលតាមបរិមាណប្រើប្រាស់។
វិទ្យុបារាំងបានដកស្រង់ប្រសាសន៍របស់លោកម៉ាក្រុងថា៖ «ផែនការនេះ ជាការធ្វើទំនើបកម្មដែលមិនធ្លាប់មានទេ នៅក្នុងគោលនយោបាយប្រើប្រាស់ទឹក ដោយផ្អែកលើបរិមាណទឹកដែលយើងមាន ព្រមទាំងបញ្ហាចោទឡើង ដោយសារតែបម្រែបម្រួលអាកាសធាតុ»។
លោក ម៉ាក្រុង នឹងរៀបចំការពិគ្រោះយោបល់ជាមួយតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ដើម្បីអនុវត្តតារាងតម្លៃទឹកថ្មីនៅទូទាំងប្រទេសផងដែរ៕