ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសជូនដំណឹងដល់អាជីវករ ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ អំពីការប្រកាសផ្អាកដំណើរការបណ្តោះអាសន្ន "ផ្សារក្រុងព្រៃវែង" រយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤ ខែកក្កដានេះ រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។
ផ្សារក្រុងព្រៃវែង មានទីតាំងស្ថិតនៅភូមិលេខ ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ចំពោះមូលហេតុដែលនាំឱ្យមានការបិទផ្សារនេះ ត្រូវបានរដ្ឋបាលខេត្តបញ្ជាក់ថា ដោយសារតែបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ទៅលើអាជីវករក្នុងផ្សារនេះចំនួន ៣នាក់ ក្រោយពីមានអាការៈសង្ស័យ ហើយអាជ្ញាធរបានធ្វើការយកសំណាកធ្វើតេស្តភ្លាមៗដោយឧបករណ៍តេស្តរហ័ស ឬ Rapid test។ ទន្ទឹមនឹងនេះអាជ្ញាធរក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរបាននិងកំពុងស្រាវជ្រាវយ៉ាងសកម្ម ដើម្បីស្វែងអ្នកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអាជីវករខាងលើ ដើម្បីមកយកសំណាកធ្វើតេស្តស្វែងរកកូវីដ-១៩។
ក្នុងនោះ រដ្ឋបាលខេត្តព្រៃវែង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករក្នុងផ្សារក្រុងព្រៃវែងទាំងអស់ ដែលធ្លាប់ប្រាស្រ័យទាក់ទងទាំងផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងសូមប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកដើម្បីរកមេរោគកូវីដ-១៩នៅតាមមន្ទីរពេទ្យបង្អែក និងត្រូវធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ "៣ការពារ និង៣កុំ"៕