ឥណ្ឌូណេស៊ី៖ កីឡាករក្រុមជម្រើសជាតិឥណ្ឌូណេស៊ីអាយុក្រោម ២០ឆ្នាំ រួមជាមួយអ្នកគាំទ្របាល់ទាត់ឥណ្ឌូណេស៊ី ហាក់មានការស្រងាកចិត្តជាខ្លាំង បន្ទាប់ពីសមាគមបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានចេញសេចក្តីសម្រេចដកសិទ្ធិប្រទេសនេះពីការរៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជើងឯកយុវជនអាយុក្រោម ២០ឆ្នាំ ឬហៅថា FIFA U-20 World Cup ២០២៣ បន្ទាប់ពីមានការប្រតិកម្ម និងខឹងសម្បារពីសំណាក់អ្នកនយោបាយមួយចំនួនក្នុងប្រទេសនេះ ចំពោះការចូលរួមប្រកួតប្រជែងពីសំណាក់ក្រុមយុវជនជម្រើសជាតិអ៉ីស្រាអែល។
គួរបញ្ជាក់ថា FIFA បានសម្រេចចិត្តដកហូតសិទ្ធិជាម្ចាស់ផ្ទះពីឥណ្ឌូណេស៊ីកាលពីថ្ងៃពុធ បន្ទាប់ពីមន្រ្តីឥណ្ឌូណេស៊ីបានលើកឡើងថា FIFA មិនមានការគោរពចំពោះការប្តេជ្ញាចិត្តធ្វើជាម្ចាស់ផ្ទះពីសំណាក់ប្រទេសឥណ្ឌូណេស៊ី។ គួរបញ្ជាក់ថា FIFA បានធ្វើការសម្រេចចិត្តដូច្នេះ បន្ទាប់ពីសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានធ្វើការលុបចោលការចាប់ឆ្នោតបែងចែកពូល បន្ទាប់ពីរដ្ឋបាលក្រុងបាលី (Bali) បដិសេធមិនទទួលរៀបចំការប្រកួតរបស់ក្រុមជម្រើសជាតិអ៉ីស្រាអែល។
ការសម្រេចលុបចោលព្រឹត្តិការណ៍នេះពីប្រទេសឥណ្ឌូណេស៊ី ត្រូវបានប្រកាសជាផ្លូវការបន្ទាប់ពីមានជំនួបរវាងប្រធាន FIFA លោក Gianni Infantino និងប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir។
យុវជនជាកីឡាករដែលត្រៀមខ្លួនសម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍នេះ បានបន្ទោសទៅលើកត្តានយោបាយចំពោះការសម្រេចដកសិទ្ធិជាម្ចាស់ផ្ទះការប្រកួតនេះ។ កីឡាករខ្សែប្រយុទ្ធ Rabbani Tasnim Siddiq បានសរសេរនៅលើ Instagram ថា៖ "យើងបានលះបង់អស់រាល់ពេលវេលា ការផ្តោតអារម្មណ៍ ញើស និងរហូតដល់ឈាម ក៏ប៉ុន្តែគ្រប់យ៉ាងត្រូវបរាជ័យដោយសារតែហេតុផលនយោបាយរបស់អ្នក"។ ដោយឡែក កីឡាករម្នាក់ទៀតឈ្មោះ Hokky Caraka បានសំដែងការខកចិត្ត ដោយបានលើកឡើងថា គេបានបាត់បង់ឱកាសសម្រេចក្តីស្រមៃក្នុងជីវិតក្នុងការធ្វើឱ្យឪពុកម្តាយមានមោទកភាព ពោលគឺការប៉ុនប៉ងស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ U-20 World Cup នេះ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីពុំមានទំនាក់់ទំនងការទូតជាផ្លូវការជាមួយអ៉ីស្រាអែលឡើយ ខណៈប្រជាជនមួយចំនួនបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅទីក្រុងចាកាតា ទាមទារមិនឱ្យអ៉ីស្រាអែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ PSSI បានលើកឡើងថា ការបាត់បង់សិទ្ធិជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ បានធ្វើឱ្យឥណ្ឌូណេស៊ីអាចនឹងប្រឈមការមិនអាចចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗទៀតដែលរៀបចំដោយ FIFA ខណៈការខាតបង់ផ្នែកសេដ្ឋកិច្ចមានទំហំរាប់សិបលានដុល្លារ។
យ៉ាងណាមិញ ការប្រកួតនេះនឹងគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី១១ ខែមិថុនាដដែល ប៉ុន្តែប្រទេសដែលទទួលបានសិទ្ធិជាម្ចាស់ផ្ទះនៅមិនទាន់មានការប្រកាសនៅឡើយទេ៕