ភ្នំពេញ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺជុំវិញមតិរិះគន់អំពីការសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដីមុនការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅវត្តភ្នំដែលមិនធ្វើទៅតាមប្រពៃណីខ្មែរ តែបែរជាធ្វើតាមបែបប្រពៃណីចិនទៅវិញ។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញបានអះអាងថា ពិធីសែនព្រេនកាលពីម្សិលមិញថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ គឺជាពិធីសែនឧបករណ៍ សម្ភារ របស់ក្រុមជាងសាងសង់ មុននឹងដំណើរការរៀបចំកម្មវិធី «សង្ក្រាន្តវត្តភ្នំឆ្នាំ២០២៣» ប៉ុណ្ណោះមិនមែនជាពិធីបួងសួងសុំម្ចាស់ទឹកដីពីមន្ទីរឡើយ។
មន្ទីរវប្បធម៌បានបញ្ជាក់ថា ជាក់ស្តែងពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីរៀបចំ «សង្ក្រាន្តវត្តភ្នំ» ឆ្នាំ២០២៣ នឹង ប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ៕