អ្នកថតរូបដ៏ល្បីម្នាក់ ត្រូវបានចាប់ខ្លួនពីបទគំរាមកំហែងបង្ហោះរូបភាព និងវីឌីអូអាសអាភាសជាសាធារណៈ
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបនិងឃាត់ខ្លួនបុរសម្នាក់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីគំរាមកំហែងបង្ហោះវីដេអូ និងរូបភាពអាសអាភាសជាសាធារណៈរបស់ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ដោយមានការសហការពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនឹងការពារអនិតិជន ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមទាំង ក្រុមការងារអង្គភាពការពារកុមារ (CPU) បន្ទាប់ពីបានតាមដាន និងស៊ើបអង្កេតលើជនសង្ស័យពីបទគំរាមកំហែងចែកចាយរូបភាពអាសអាភាសរបស់ក្មេងស្រីអាយុ១៤ឆ្នាំនោះ ក៏បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញា និងបង្ក្រាបបានជនសង្ស័យចំនួន ១នាក់ ឈ្មោះ នៅ ចិន្តា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ នៅចំណុចហ្គារ៉ាសសាំង PTT ព្រែកអញ្ចាញ ភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យត្រូវបានគេស្គាល់ថា មានគណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា Hea Da ដែលមានមុខរបរជាអ្នកថតរូប និងអ្នកកាត់តរូបដ៏ល្បី បានលួងលោមឱ្យជនរងគ្រោះដែលស្គាល់គ្នានៅឆ្នាំ២០២០ ព្រមទាំងបានលេងឆាតជាមួយគ្នាផងដែរនោះ ឱ្យថតវីដេអូអាសអាភាសផ្ញើឲ្យខ្លួន។
បន្ទាប់មកជនសង្ស័យដែលជាម្ចាស់គណនីឈ្មោះ Hea Da បានលួងលោមឱ្យជនរងគ្រោះថតវីដេអូអាសអាភាសផ្ញើឲ្យខ្លួនជាបន្តបន្ទាប់ទៀត។ លុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ជនល្មើសរូបនេះបានគំរាមឲ្យជនរងគ្រោះថតជាវីដេអូអាសអាភាសផ្ញើឲ្យខ្លួនមើលបន្តទៀត ប៉ុន្តែត្រូវបានជនរងគ្រោះបដិសេធ។
នៅពេលនោះជនសង្ស័យ បានគំរាមជនរងគ្រោះជាបន្តបន្ទាប់ថា បើជនរងគ្រោះពុំធ្វើតាមសំណើរបស់ខ្លួននោះទេ ខ្លួននឹងយកវីដេអូអាសអាភាសរបស់ជនរងគ្រោះបង្ហោះជាសាធារណៈតែម្ដង។
បន្ទាប់ពីមានការរាយការណ៍ពីករណីគំរាមកំហែងបង្ហោះវីដេអូ និងរូបភាពអាសអាភាសជាសាធារណៈពីជនរងគ្រោះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យខាងលើនាំមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី។
នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) លោក James McCabe បានលើកឡើងថា៖ "នេះគឺជាការឃាត់ខ្លួនដ៏សំខាន់មួយសម្រាប់សង្គមយើង ហើយខ្ញុំសូមថ្លែងការអបអរសាទរទៅដល់គ្រប់ស្ថាប័ន្នពាក់ព័ន្ធក្នុងការឃាត់ខ្លួនជននេះ។ នេះគឺជាការបង្ហាញ និងការព្រមានដល់រាល់បុគ្គលដែលធ្វើការចែកចាយរូបភាពអាសអាភាសរបស់កុមារនិងគំរាមកំហែងហែកកេរ្ត៍ទៅលើកុមារថា ក្រុមជំនាញនឹងស្វែងរកអ្នក និងឃាត់ខ្លួនអ្នក"៕